ប្រទេសចិនពង្រឹងទំនាក់ទំនងជាមួយបណ្តាតំបន់មួយចំនួនរបស់ប្រទេសកេនយ៉ា
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ -- មនុស្សជាង ១លាននាក់នៅភាគខាងលិចប្រទេសកេនយ៉ា ត្រូវបានគេរំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ទីក្រុងប្រកបដោយមហិច្ឆិតា ដែលសន្យាថានឹងមានទឹកស្អាត ផ្លូវដែលមានពន្លឺគ្រប់គ្រាន់ និងឱកាសការងារបន្ថែម។
នៅក្នុងជំហានដ៏សំខាន់មួយនៅក្នុងកិច្ចសហប្រតិបត្តិការថ្នាក់ក្រោមជាតិរវាងប្រទេសចិន និងប្រទេសកេនយ៉ា រដ្ឋាភិបាលតំបន់ហូម៉ាបេយ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាមួយក្រុមហ៊ុនបច្ចេកវិទ្យាតាឡូយ៉ារបស់ប្រទេសចិន។
អភិបាលតំបន់ហូម៉ាបេយ លោកស្រី ហ្ក្លេដឌីស វ៉ាន់ហ្គា (Gladys Wanga) ដែលបានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខានេះ បានសាទរភាពជាដៃគូនេះថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់តំបន់ និងជាចំណុចសំខាន់សម្រាប់ការចូលរួមរបស់ប្រទេសចិនជាមួយអង្គភាពរដ្ឋាភិបាលរបស់ប្រទេសកេនយ៉ា។
លោកស្រីបាននិយាយថា «យើងមានមោទនភាពដែលបានក្លាយជាតំបន់មួយក្នុងចំណោមតំបន់ដំបូងគេមួយចំនួននៅក្នុងប្រទេសកេនយ៉ាក្នុងការដាក់បញ្ចូលកម្មវិធីអភិវឌ្ឍន៍ដែលគាំទ្រដោយប្រទេសចិនក្នុងទ្រង់ទ្រាយធំ និងធ្វើឱ្យមានការប្តេជ្ញាចិត្តដែលបានធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី វីល្លៀម រូតូ (William Ruto) ទៅកាន់ទីក្រុងប៉េកាំង (កាលពីក្នុងខែមេសា)»។
លោកស្រីបាននិយាយបន្ថែមថា «នេះគឺជាប្រភេទនៃការអភិវឌ្ឍដែលប្រជាជនរបស់យើងទន្ទឹងរង់ចាំ។ វានឹងបង្កើតឱកាសការងារ ជំរុញសហគ្រាសក្នុងស្រុក និងលើកកម្ពស់ទម្រង់របស់តំបន់ហូម៉ាបេយ ទាំងថ្នាក់ជាតិ និងអន្តរជាតិ»។
ក្នុងចំណោមគម្រោងល្បីៗដែលត្រូវអនុវត្តដោយក្រុមហ៊ុនបច្ចេកវិទ្យាតាឡូយ៉ា គឺការសាងសង់រោងចក្រប្រព្រឹត្តិកម្មទំនើបទឹកស្អាត ដែលនឹងតភ្ជាប់បំពង់ទឹកស្អាតនោះសម្រាប់គ្រួសារជាង ២៥០.០០០គ្រួសារ។
បើទោះបីជាតំបន់ហូម៉ាបេយស្ថិតនៅលើច្រាំងនៃបឹងវីកតូរីយ៉ា ដែលជាបឹងទឹកសាបដ៏ធំបំផុតរបស់ទ្វីបអាហ្រ្វិកក៏ដោយ ក៏ការទទួលបានទឹកស្អាតផឹកប្រកបដោយសុវត្ថិភាពនៅតែជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់ប្រជាជនជាច្រើន។
លើសពីនេះទៀត តំបន់នោះនឹងទទួលបានអត្ថប្រយោជន៍ពីការដំឡើងអំពូលភ្លើងតាមដងផ្លូវនានាដែលដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន ៤.០០០អំពូល ដើម្បីកែលម្អសន្តិសុខ និងគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចពេលយប់នៅទូទាំងកណ្តាលតំបន់ និងទីផ្សាររបស់ខ្លួន។
ក្រុមហ៊ុនតាឡូយ៉ាក៏នឹងផ្តល់នូវផ្សារទំនើបដ៏ធំមួយ និងសណ្ឋាគារលំដាប់ផ្កាយប្រាំដំបូងគេនៅភាគខាងលិចប្រទេសកេនយ៉ាផងដែរ ដោយនឹងធ្វើឱ្យតំបន់ហូម៉ាបេយកាន់តែក្លាយជាមជ្ឈមណ្ឌលរីកលូតលាស់សម្រាប់វិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





