ឥណ្ឌូណេស៊ី និងអារ៉ាប៊ីសាអូឌីត ចុះកិច្ចព្រមព្រៀងលើគម្រោងបៃតងជាមួយទឹកប្រាក់ ១០ពាន់លានដុល្លារអាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ -- មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់ប្រទេសឥណ្ឌូណេស៊ី (SWF) ដាណាន់តារ៉ា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនថាមពល ACWA ដែលជាក្រុមហ៊ុនសាជីវកម្មថាមពលបៃតងឈានមុខគេរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីស្វែងរកការវិនិយោគនៅក្នុងគម្រោងថាមពលកកើតឡើងវិញជាមួយនឹងមូលនិធិសរុបប្រមាណរហូតដល់ ១០ពាន់លានដុល្លារអាម៉េរិក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ នាយកប្រតិបត្តិមូលនិធិដាណាន់តារ៉ា លោក រ៉ូសាន់ រ៉ូអេសឡានី (Rosan Roeslani) បាននិយាយថា កិច្ចសហប្រតិបត្តិការនេះអាចជួយដល់ប្រទេសឥណ្ឌូណេស៊ីក្នុងការសម្រេចបាននូវគោលដៅថាមពលកកើតឡើងវិញរបស់ខ្លួន រួមទាំងការលាយថាមពលកកើតឡើងវិញចំនួន ៣៤% នៅត្រឹមឆ្នាំ២០៣៤ និង ៨៧% នៅត្រឹមឆ្នាំ២០៦០។
លោកបានគូសបញ្ជាក់ថា ភាពជាដៃគូជាមួយក្រុមហ៊ុនថាមពលACWA មិនត្រឹមតែនាំមកនូវដើមទុនវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់ទីតាំងប្រទេសឥណ្ឌូណេស៊ីជាដៃគូយុទ្ធសាស្ត្រក្នុងបណ្តាញផ្លាស់ប្តូរថាមពលពិភពលោកផងដែរ។
លោក រ៉ូអេសឡានី បាននិយាយថា កិច្ចព្រមព្រៀងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់មូលនិធិដាណាន់តារ៉ាក្នុងការបង្កើតសម្ព័ន្ធភាពយូរអង្វែង និងគួរឱ្យទុកចិត្ត ដែលគាំទ្រដល់កម្មវិធីអាទិភាពជាតិ ខណៈដែលបង្កើតផលចំណេញសម្រាប់ផ្នែកពាណិជ្ជកម្មផងដែរ។
លើសពីនេះទៀត ក្រុមហ៊ុនថាមពល ACWA បានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនភើតាមីណា ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋរបស់ឥណ្ឌូណេស៊ី ដើម្បីអភិវឌ្ឍន៍គម្រោងផលិតថាមពល និងគម្រោងបញ្ចេញទឹកដែលមានតម្លៃរាប់ពាន់លានដុល្លារអាម៉េរិក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





