វៀតណាមដឹកនាំកិច្ចពិភាក្សារបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ស្តីពីប្រព័ន្ធស្បៀងអាហារ និងការបន្ស៊ាំនឹងអាកាសធាតុ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ -- ក្នុងនាមជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) សម្រាប់អាណត្តិឆ្នាំ២០១៣-២០២៥ និងជាប្រទេសដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុ វៀតណាមបានប្តេជ្ញាធ្វើការយ៉ាងដិតដល់ជាមួយបណ្តាប្រទេសផ្សេងៗទៀត អង្គការអន្តរជាតិ និងអ្នកពាក់ព័ន្ធក្នុងពិភពលោកដើម្បីកសាងដំណោះស្រាយប្រកបដោយនិរន្តរភាព និងផ្តោតសំខាន់ទៅលើប្រជាជនសម្រាប់អនាគតដោយមិនអត់ឃ្លាន និងស្របតាមធម្មជាតិ។
លោក ឡេ មិញទួន (Le Minh Tuan) អ្នកតំណាងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានធ្វើការកត់សម្គាល់ខាងលើនេះនៅក្នុងព្រឹត្តិការណ៍មួយ ស្តីពីការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងការធានាសិទ្ធិទទួលបានស្បៀងអាហារ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥។
ដោយត្រូវបានសហរៀបចំដោយបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមនៅទីក្រុងហ្សឺណែវ សហការជាមួយបេសកកម្មនៃប្រទេសបង់ក្លាដែស ម៉ិកស៊ិក និងហូឡង់ ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅខាងក្រៅសម័យប្រជុំលើកទី៥៩ របស់ UNHRC ហើយមានការចូលរួមរបស់គណៈប្រតិភូអន្តរជាតិជាង៥០ មកពីស្ថាប័នការទូត អង្គការអន្តរជាតិ និងស្ថាប័នអប់រំ។
ប្រធានបទនៃការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការការពារសិទ្ធិទទួលបានស្បៀងអាហារនោះ មានសារសំខាន់កាន់តែខ្លាំងឡើងដោយមើលឃើញពីវិបត្តិសកលលោកចម្រុះនាពេលបច្ចុប្បន្ននេះ រួមទាំងការប្រែប្រួលអាកាសធាតុការរិចរិលបរិស្ថាន ជម្លោះ និងអសន្តិសុខស្បៀងដែលកំពុងកើនឡើង។
នៅក្នុងការចែករំលែកបទពិសោធន៍របស់វៀតណាមក្នុងការលើកកម្ពស់ប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាព លោក ទួន បានលើកឡើងអំពីកម្មវិធីអភិវឌ្ឍន៍ស្រូវដែលមានការបំភាយទាប និងគុណភាពខ្ពស់របស់ដីសណ្តទន្លេមេគង្គ ដែលមានបំណងដាំដុះស្រូវប្រភេទនេះឱ្យបានមួយលានហិកតានៅត្រឹមឆ្នាំ២០៣០៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





