សិស្សានុសិស្សអនុវិទ្យាល័យព្រៃព្រាលចំនួន៥៨នាក់ធ្វើទស្សនកិច្ចសិក្សាទៅកាន់ខេត្តសៀមរាបដើម្បីសិក្សាពីប្រវត្តិសាស្ត្រប្រាង្គប្រាសាទនីមួយៗក្នុងការផ្សារភ្ជាប់ទៅនឹងការសិក្សា
AKP កំពង់ធំ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥-- លោក ម៉ាក់ សាននី នាយកអនុវិទ្យាល័យ ព្រៃព្រាល លោកគ្រូ អ្នកគ្រូនិងលោកស្រី ធន់ សុភ័ក្ត្រា ប្រធានការិយាល័យសារមន្ទីរ ខេត្តកំពង់ធំ បានដឹកនាំសិស្សានុសិស្សចំនួន៥៨នាក់ ធ្វើទស្សនកិច្ចសិក្សាទៅកាន់ខេត្តសៀមរាបដើម្បីសិក្សាពីប្រវត្តិសាស្ត្រប្រាងប្រាសាទនីមួយៗ ក្នុងការផ្សារភ្ជាប់ទៅនឹងការសិក្សារបស់សិស្សដែលមាន៤ទីតាំងគឺ អនុវិទ្យាល័យអរញ្ញរង្ស៊ី ប្រាសាទបាយ័ន ប្រាសាទអង្គរវត្ត និងសារមន្ទីរព្រះនរោត្តមសីហនុអង្គរ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥។

លោក ម៉ាក់ សាននី បានលើកឡើងថា សិស្សានុសិស្សដែលរៀននៅសាលាអនុវិទ្យាល័យព្រៃព្រាលជាសិស្សដែលយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ដូច្នេះហើយក្នុងនាមជានាយកសាលា លោកគ្រូ អ្នកគ្រូ ចង់ឱ្យសិស្សមានបទពិសោធន៍ក្នុងការសិក្សាស្រាវជ្រាវពីប្រវត្តិសាស្រ្តប្រាសាទបុរាណនៅក្នុងប្រទេសកម្ពុជា។ ពិសេសប្រវត្តិសាស្ត្រនៅក្នុងខេត្តសៀមរាបដែលមានប្រាសាទបុរាណ រមណីយដ្ឋានទេសចរណ៍ ជាច្រើនដែលជាអរិយធម៌របស់ខ្មែរតាំងពីបុរាណកាលមក ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលមកទស្សនាយ៉ាងច្រើនកុះករ។


លោកនាយកសាលាបានសំណូមពរសូមឱ្យសិស្សានុសិស្សដែលមកទស្សនកិច្ចសិក្សានេះត្រូវយកចិត្តទុកដាក់ជាមួយលោកគ្រូដែលមានជំនាញបង្ហាញពីប្រវត្តិសាស្ត្រ និងកន្លែងកម្សាន្តជាច្រើនទៀតដើម្បីយកទៅសិក្សាស្រាវជ្រាវបន្ថែម ក្នុងការជួយពន្យល់ណែនាំដល់សិស្សនៅក្នុងថ្នាក់រៀនរបស់ខ្លួន បងប្អូនក្នុងក្រុមគ្រួសារ ដើម្បីឱ្យពួកគាត់ទទួលបានចំណេះដឹងពីប្រពៃណីទំនៀមទម្លាប់ និងអរិយធម៌ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាយើង។ ពង្រឹងកិច្ចការងារគ្រប់គ្រង ការផ្លាស់ប្តូរបច្ចេកទេសបង្រៀននិងរៀននៅក្នុងសម័យឌីជីថល និងស្របតាមផែនការសាលារៀនគំរូ ដែលជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជានិងរៀបចំផែនការសកម្មភាពដឹកនាំក្រុមបច្ចេកទេស និងក្រុមប្រឹក្សាកុមារ ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីការបង្រៀននិងរៀន។


លោក ម៉ាក់ សាននី នាយកអនុវិទ្យាល័យព្រៃព្រាលបានផ្ដាំផ្ញើលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សដែលបានខិតខំមកទស្សនកិច្ចសិក្សានៅប្រវត្តិសាស្ត្រនេះដើម្បីឱ្យស្គាល់ពីការកសាងនៅឆ្នាំណាចំនួនទីតាំងប្រាសាទមានប៉ុន្មានកន្លែង មានប្រាសាទអ្វីខ្លះ និងភ្ញៀវជាតិ-អន្តរជាតិមកទស្សនាក្នុងមួយឆ្នាំៗ។ ចូលរួមថែរក្សាសម្បត្តិវប្បធម៌របស់ខ្មែរឱ្យបានគង់វង្សទុកឱ្យក្មេងជំនាន់ក្រោយបានស្គាល់ និងយល់កាន់តែច្បាស់ពីប្រវត្តិនៃប្រាសាទបន្ថែមទៀត៕
ដោយ ស៊ុម វណ្ណា





