កិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបនឹងលទ្ធផលបឋមនៃរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សកម្រិតបឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសដើម្បីពិភាក្សាស្តីពីវិធានការឆ្លើយតបនឹងលទ្ធផលបឋមនៃតេស្តថ្នាក់តំបន់ ដែលវាគឺជាកម្មវិធីរង្វាយតម្លៃទ្រង់ទ្រាយធំកម្រិតថ្នាក់តំបន់ត្រូវបានរៀបចំឡើងដោយប្រទេសនៅក្នុងអាស៊ាន និងសម្រាប់ប្រទេសនៅក្នុងអាស៊ាន ក្រោមការផ្តួចផ្តើមគំនិតដោយអង្គការរដ្ឋមន្រ្តីអប់រំអាស៊ីអាគ្នេយ៍ ដែលធ្វើការវាស់វែងសមត្ថភាពសិស្សថ្នាក់ទី៥ កំពុងសិក្សានៅក្នុងបឋមសិក្សាកម្រិតខ្ពស់ ដោយកម្ពុជាបានចាប់ផ្ដើមអនុវត្តរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សកម្រិតបឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ (SEA-PLM) លើកដំបូងនៅឆ្នាំ២០១៩ ក្នុងគោលបំណងវិភាគ វិនិច្ឆ័យអំពីគុណភាពអប់រំនៅកម្រិតបឋមសិក្សា។

កម្មវិធីនេះគឺជាឧបករណ៍វាស់វែងសមត្ថភាពលើផ្នែកអំណាន សំណេរ គណិតវិទ្យា និងភាពជាពលរដ្ឋសកល ព្រមទាំងសិក្សាស្វែងយល់ពីកត្ដាផ្សេងៗ ដែលជះឥទ្ទិពល ឬមានទំនាក់ទំនងជាមួយនឹងលទ្ធផលនៃការសិក្សារបស់សិស្ស។
តាមរយៈការចូលរួមក្នុងរង្វាយតម្លៃ SEA-PLM នេះ ប្រទេសនីមួយៗអាចពិនិត្យតាមដាន និងសិក្សាឈ្វេងយល់អំពីកម្រិតលទ្ធផលសិក្សាសិស្សរបស់ខ្លួនទៅតាមប្រភេទក្រុមសិស្សផ្សេងៗ (ឧទាហរណ៍៖ ក្រុមសិស្សមានកម្រិតជីវភាពទាប ក្រុមសិស្សមានកម្រិតជីវភាពខ្ពស់ ក្រុមសិស្សប្រុស ឬក្រុមសិស្សស្រី ។ល។) និងធ្វើសកម្មភាពអន្តរាគមន៍ ដើម្បីបង្កើនគុណភាពរបស់ប្រព័ន្ធអប់រំទាំងមូល។ រង្វាយតម្លៃនេះក៏អនុញ្ញាតឱ្យបណ្តាប្រទេសដែលបានចូលរួមកសាងសមត្ថភាពគ្រប់ជ្រុងជ្រោយ ដើម្បីកែលម្អប្រព័ន្ធរង្វាយតម្លៃការសិក្សារបស់ខ្លួនផងដែរ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានរំព្ញកជូនក្រុមការងារជំនាញឱ្យបន្តពិនិត្យដោយយកចិត្តទុកដាក់លើកត្តានានាដែលជះឥទ្ធិពលមកលើលទ្ធផលសិក្សាសិស្ស និងនាំឱ្យការអប់រំមានការកែលម្អ ដែលក្នុងនោះរួមមាន កត្តាសិស្ស កត្តាគ្រូបង្រៀន កត្តាសាលារៀន កត្តាគ្រួសារ ការទទួលបានការអប់រំចាប់ពីថ្នាក់មត្តេយ្យសិក្សា បរិស្ថានសាលារៀន ហេដ្ឋារចនាសម្ព័ន្ធសាលារៀន ធនធាន សៀវភៅសិក្សាគោល មានបណ្ណាល័យស្តង់ដា ជាពិសេសគ្រូបង្រៀនដែលមានសមត្ថភាព មានវិន័យ និងមានការបណ្ដុះបណ្តាលវិជ្ជាជីវៈទាំងមុនពេលចេញបង្រៀន និងក្រោយចេញបង្រៀន ដែលទាំងអស់នេះមាននៅក្នុងកំណែទម្រង់គ្រូបង្រៀន និងសាលារៀន ដែលជាការងារអាទិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។ ទន្ទឹមនឹងនោះ ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តអន្តរាគមន៍សំខាន់ៗចាប់តាំងពីឆ្នាំ២០១៨ ដើម្បីលើកកម្ពស់គុណភាពអប់រំបឋមសិក្សាដោយផ្តោតលើ ១.កំណែទម្រង់សាលារៀន តាមរយៈការអនុវត្តការគ្រប់គ្រងតាមសាលារៀន ការអនុវត្តស្តង់ដាសាលារៀនគំរូ និងសាលារៀនគោលដៅ ជាពិសេសការបន្ថែមម៉ោងសិក្សា និង២.ការលើកកម្ពស់អំណាន និងគណិតវិទ្យានៅកម្រិតថ្នាក់ដំបូង ជាពិសេសការបង្កើនចំនួនបណ្ណាល័យ និងអំណានក្នុងបណ្ណាល័យដែលអន្តរាគមន៍គន្លឹះទាំងនេះបានធ្វើឱ្យការសិក្សារបស់សិស្សបឋមសិក្សាទទួលបានលទ្ធផលល្អ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទទួលបន្ទុក (SEA-PLM) និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានបំពេញតួនាទីភារកិច្ចប្រកបដោយវឌ្ឍនភាព និងការទទួលខុសត្រូវខ្ពស់ ហើយសូមឱ្យបន្តខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដើម្បីធ្វើការវិភាគស៊ីជម្រៅលើលទ្ធផលវាយតម្លៃសមត្ថភាពសិស្ស ការរៀបចំគោលនយោបាយ និងវិធានការឆ្លើយតបប្រកបដោយប្រសិទ្ធភាព សំដៅជំរុញការអនុវត្តកំណែទម្រង់វិស័យអប់រំនៅកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





