គ្រឿងញៀនចំនួន ២ ៦០០គីឡូក្រាម ត្រូវបានដុតបំផ្លាញក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ "រួមគ្នាបង្ការទប់ស្តាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿង ញៀននៅកម្ពុជា"
AKP ព្រះសីហនុ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ បានថ្លែងក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាបង្ការទប់ស្តាត់ និងកាត់ផ្តាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» និងការដុតបំផ្លាញវត្ថុតាងគ្រឿងញៀន នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំខេត្ត ប្រធានក្រុមប្រឹក្សាក្រុង ស្រុក អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និងក្មួយៗយុវជនសិស្សានុសិស្ស។

ឯកឧត្តម ម៉ាង ស៊ីណេត បានអានសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសក្នុងទិវាជារតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងគោលដៅធ្វើយ៉ាងណាបំផុសជាចលនាជាតិមួយ ដែលមានការចូលរួមពីគ្រប់វិស័យក្នុងការលើកកម្ពស់ការអប់រំផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន និងមានវិធានការម៉ឺងម៉ាត់ដាច់ខាតពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីឈានដល់ការកាត់ផ្តាច់ឫសគល់នៃបញ្ហា និងទប់ស្កាត់ការវិលត្រលប់មកវិញនៃបញ្ហាគ្រឿងញៀន ស្របទៅនឹងពាក្យស្លោកជាភាសាអង់គ្លេសរបស់អង្គការសហប្រជាជាតិសម្រាប់ទិវាអន្តរជាតិឆ្នាំ២០២៥នេះ គឺBREAK THE CYCLE (កាត់ផ្ដាច់ការវិវដ្ដនៃបញ្ហាគ្រឿងញៀន)។


ក្នុងឱកាសនោះ ឯកឧត្តមក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ នៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានខិតខំប្រឹងប្រែងយ៉ាងសកម្មយកអស់ កម្លាំងកាយ ប្រាជ្ញាស្មារតីដោយមិនក្លាយនឿយហត់ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម និងមានសារៈសំខាន់ជូនជាតិ មាតុភូមិ តាមរយៈការចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រកបដោយការទទួលខុសត្រូវខ្ពស់ ប្រសិទ្ធភាព និងតម្លាភាពរួមចំណែកលើកកម្ពស់អភិបាលកិច្ចល្អ ភាពស្អាតស្អំ និងភាពជាគំរូនៃការអនុវត្តច្បាប់ ក្នុងគោលបំណងធ្វើយ៉ាងណា «សម្អាតចកចេញពីផ្ទៃបឹងឱ្យស្អាត ហ៊ុព័ទ្ធផ្ទៃបឹងដែលស្អាតមិនឱ្យចកវិលមកវិញ និងធ្វើការពង្រីកផ្ទៃបឹង ដែលស្អាតគ្មានចករហូតដល់បឹងទាំងមូលថ្លាស្អាត» ប្រៀបទៅនឹងការធ្វើឱ្យខេត្តព្រះសីហនុ ថ្លាស្អាត គ្មានគ្រឿងញៀន។

ឯកឧត្ដមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍ប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាបង្ការទប់ស្តាត់ និងកាត់ផ្តាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» និងការដុតបំផ្លាញវត្ថុតាងគ្រឿងញៀននាពេលនេះ ក្រោមបរិយាកាសដែលព្រះរាជាណាចក្រកម្ពុជា កំពុងធ្វើដំណើរឈានទៅមុខលើមាគ៌ាសន្តិ ភាព ប្រជាធិបតេយ្យ នីតិរដ្ឋ ដើម្បីកសាងអនាគតរបស់ខ្លួនឱ្យក្លាយជាអរិយប្រទេសមួយស្មើមុខស្មើមាត់ដូចបណ្តាប្រទេសជឿនលឿនលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ចាត់ទុកការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាកិច្ចការអាទិភាពចាំបាច់បំផុតក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ វិធានការគន្លឹះទាំង ៥ នៃផែនការយុទ្ធនាការប្រ យុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ និងកំណែទម្រង់ក្បាលម៉ាស៊ីនដឹកនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបង្កើតគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលជាសក្ខីភាពបង្ហាញពីគោលនយោនបាយប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។ ការដាក់ចេញនូវទិសដៅការងារចំនួន ៨ចំណុច ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ដើម្បីជាត្រីវិស័យក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ព្រមទាំងបានពាំនាំមកនូវគោលនយោបាយដ៏មុតស្រួច និងរឹងមាំ គឺបទបញ្ជាលេខ ០១បប ស្តីពីវិធានការម៉ឺងម៉ាត់ និងបទបញ្ជាដាច់ខាតចំពោះមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីជាប់កិច្ចសន្យាតាមបណ្តាក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធនឹងការប្រើប្រាស់ និងបទល្មើសគ្រឿងញៀនត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង បទបញ្ហានេះបានទទួលការសាទរ និងគាំទ្រយ៉ាងពេញទំហឹងពីប្រជា ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងក្នុង និងក្រៅប្រទេស។ ក្នុងឱកាសនោះ គណ:អធិបតី និងសមាជិកដែលចូលរួម ក៏បានធ្វើពិធីដុតបំផ្លាញគ្រឿងញៀនខុសច្បាប់ចំនួន ២ ៦០០ គីឡូក្រាម៕

ដោយ ងូ សុមុនី





