អាជ្ញាធរទន្លេសាប និងធនាគារពិភពលោក ចុះសិក្សាស្រាវជ្រាវ កំណត់រៀបចំផែនការយុទ្ធសាស្ត្រ បឹងទន្លេសាប នៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិន
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥-- លោកស្រី ទេស សុដាវី អនុប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ និងក្រុមការងារបច្ចេកទេសអាជ្ញាធរទន្លេសាប រួមជាមួយទីប្រឹក្សាបច្ចេកទេសរបស់ធនាគារពិភពលោក ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ បានចុះសិក្សាស្រាវជ្រាវ និងប្រមូលធាតុចូល ដើម្បីកំណត់រៀបចំផែនការយុទ្ធសាស្ត្រ សម្រាប់អាងបឹងទន្លេសាបនៃកម្មវិធី ការអនុវត្តវាយតម្លៃសន្តិសុខទឹក ក្រោមកិច្ចសហការរវាងអាជ្ញាធរទន្លេសាប និងធនាគារពិភពលោក។


ការសិក្សាស្រាវជ្រាវ និងប្រមូលធាតុចូល ដើម្បីកំណត់រៀបចំផែនការយុទ្ធសាស្ត្រនេះ ផ្តោតលើ ការបង្កើន ការយល់ដឹងពីបញ្ហាប្រឈមសុវត្ថិភាពទឹកនៅក្នុងអាងទន្លេសាប និងដៃទន្លេ។ ការគាំទ្រគោលនយោបាយ ដើម្បីបង្កើតការ ឯកភាពគ្នាលើប្រព័ន្ធគ្រប់គ្រងអាងទន្លេសាប។ ការកំណត់ផែនការអភិវឌ្ឍសម្រាប់អាងទន្លេសាប ការបង្កើនចំណេះដឹង និងលើកកម្ពស់សមត្ថភាពភាគីពាក់ព័ន្ធ។

ការសិក្សាខាងលើនេះ ក្រុមការងារបានចុះទៅតាមមន្ទីរពាក់ព័ន្ធចំនួន១០ ដែលស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិន មានដូចជា មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនាវានុវត្តន៍ មន្ទីររ៉ែ និងថាមពល មន្ទីរសាធារណៈការ និងដឹកជញ្ជូន មន្ទីផែនការ ទីភ្នាក់ងារគ្រោះមហន្តរាយ មន្ទីរធនធានទឹក និងឧតុនិយម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរផែនការ និងមន្ទីរបរិស្ថាន៕
ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរទន្លេសាប)





