រយៈពេលមួយខែ កងកម្លាំងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករោងកំពង់ធំសហការជាមួយកម្លាំងចម្រុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅបឹងទន្លេសាបប្រវែងជាង ៤៦៥០០ ម៉ែត្រ
AKP កំពង់ធំ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកប្រេងឥន្ធនៈ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ផ្ដល់ជូនកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងបំពេញភារកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅបឹងទន្លេសាប ក្នុងភូមិសាស្ត្រឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។

លោក វរសេនីយ៍ទោ ទិត ចាន់ ប្រធានទីបញ្ជាការស្រាលប្រចាំឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងលោកអនុសេនីយ៍ឯក លុយ សុភាព ប្រធានទីបញ្ជាការស្រាលប្រចាំឃុំពាមបាង ស្រុកស្ទោង បានរាយការណ៍បញ្ជាក់ថា ក្នុងរយៈពេលជាងមួយខែ ដំបូងនៃរដូវកាលបិទនេសាទឆ្នាំ២០២៥ ក្នុងការបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ ក្រុមការងារទីបញ្ជាការស្រាលទាំងពីរក្រុម បានបំពេញភារកិច្ចទទួលបានជោគជ័យ ដោយបាន បំផ្លាញ ចោល របាំង ស្បៃ អួនខុសទំហុំកំណត់ និង របាំង ស្បៃ មុង ដែល ច្បាប់ បាន ហាម ឃាត់ ដាច់ខាត សរុប ប្រវែង ៤៦៥៦៥ ម៉ែត្រ ក្នុង នោះ៖ បំផ្លាញរបាំងស្បៃអួនខុសច្បាប់បាន១៣៨របាំង មាន ប្រវែង១៦៤៦០ម៉ែត្រ ។ បំផ្លាញ ឡុក លូ និង លប ចំនួន ៤៦២ ឡុក ព្រម ទាំង បាន បំផ្លាញរបាំងស្បៃមុង ដែលច្បាប់បានហាមឃាត់ដាច់ខាតបាន ចំនួន ៣៩៩របាំងមាន ប្រវែង ២១៩៧០ម៉ែត្រ។ បំផ្លាញ ឡុក លប លូ បានចំនួន ១១២៣ ឡុក និង បាន ចាក់លែងត្រី ស្រស់មួយចំនួនចូល ក្នុងទន្លេវិញនិងបាន បំផ្លាញ ចោល ឧបករណ៍នេសាទល្មើសច្បាប់បានមួយចំនួនទៀត ។

លោក ទិត ចាន់ និង លោក លុយ សុភា ព បានបញ្ជាក់បន្ថែមទៀតថា មកដល់បច្ចុប្បន្ននេះបទល្មើសនេសាទខុសច្បាប់មានការថយចុះ តែយើងមិនអាចដកថយបានឡើយ ដោយក្រុមជនល្មើសមួយចំនួននៅតែលបលួចបំពានប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងពេលដែលកងកម្លាំងយើងមានការឆកល្វែងក្នុងការប្រតិបត្តិការ ។
ក្នុងឱកាសនោះឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំបំពេញភារកិច្ចក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងរដូវហាមឃាត់ ទទួលបានលទ្ធផលល្អប្រសើរ ទោះបីកន្លងមក បងប្អូនជួបការលំបាកក្នុងការស្នាក់នៅ ដោយត្រូវភ្លៀងខ្យល់កន្ត្រាក់ ធ្វើឱ្យខូចខាតជម្រកស្នាក់នៅរបស់បងប្អូន ហើយមធ្យោបាយធ្វើដំណើរមានការខូចខាតច្រើនដែលត្រូវជួសជុលចំណាយថវិកាជាច្រើនផងដែរ តែបងប្អូននៅតែពុះពារតស៊ូគ្រប់ឧបសគ្គ អនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល នឹងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងការបំពេញភារកិច្ចទទួលបានជោគជ័យ គួរជាទីមោទនៈ។


ទន្ទឹមនឹងនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូនប្រេងសាំង ចំនួន ៨០០លីត្រ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីបន្តសកម្មភាព ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ឱ្យទទួលបានជោគជ័យ ដោយគ្មានការដកថយឡើយ៕
ដោយ ស៊ុម វណ្ណា ប្រភព៖ តំបន់សឹករងកំពង់ធំ





