ជនជាតិជប៉ុន និងខ្មែរ ចំនួន៨០០នាក់ រួមគ្នាដាំដើមឈើ១ម៉ឺនដើម នៅតំបន់អង្គរ
AKP សៀមរាប ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥-- ជនជាតិជប៉ុនចំនួន៤៥០នាក់ និងខ្មែរចំនួន៣៥០នាក់ បានរួមគ្នា ដាំកូនឈើចំនួន១ម៉ឺនដើម លើផ្ទៃដីទំហំ៥ហិកតា នៅក្នុងឧទ្យានធម្មជាតិអង្គរអ៊ីអន នាផ្នែកខាងកើតប្រាសាទប្រី ក្នុងតំបន់ឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងមូលនិធិអ៊ីអន (AEON)ជប៉ុន និងអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០២៥។

លោក ណាអូយ៉ា អូកាដា(Naoya Okada) សមាជិកក្រុមប្រឹក្សាភិបាលមូលនិធិបរិស្ថានអ៊ីអន បានថ្លែងថា មូលនិធិបរិស្ថានអ៊ីអនបានចាប់ផ្តើមរៀបចំគម្រោងសកម្មភាពដាំដើមឈើនេះ តាំងពីឆ្នាំ២០០២មកម្លេះ ក្នុងគោលបំណង ដើម្បីការពារតំបន់សម្បត្តិបេតិកភណ្ឌ ពីខ្យល់និងភ្លៀង ក៏ដូចជាអភិរក្សជីវចម្រុះផងដែរ។ រហូតមកដល់បច្ចុប្បន្ននេះ អ្នកស្ម័គ្រចិត្តមានចំនួនរហូតដល់៤,២០០នាក់ បានចូលរួមដាំដើមឈើ ជាង៣៤,០០០ប្រភេទ ដោយដាំនៅតាមបណ្តោយផ្លូវទៅកាន់ ប្រាសាទអង្គរវត្ត និងជុំវិញបរិវេណប្រាសាទ ដែលស្ថិតនៅឧទ្យានព្រៃឈើកណ្តាលក្រុងសៀមរាប ហើយក៏មានដាំ នៅជុំវិញសារមន្ទីរព្រះនរោត្តម សីហនុអង្គរ និងនៅឧទ្យានសួនសត្វ ភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ខេត្តតាកែវ។ គិតមកដល់សព្វថ្ងៃនេះមូលនិធិបរិស្ថានអ៊ីអន បានដាំដើមឈើបានកើនឡើងដល់ ៦៤,៤០៩ដើម ហើយនៅប្រទេសកម្ពុជា ដែលមានអ្នកស្ម័គ្រចិត្តចូលរួមសរុបចំនួន ៨,៦៩២នាក់។

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម អាត់ស៊ីស៊ិ អ៊ីណូ (Atsushi Ueno) បានថ្លែងថាជាច្រើនឆ្នាំមកនេះក្រុមហ៊ុនអីុអន មិនត្រឹមតែមកវិនិយោគ ដើម្បីជួយសេដ្ឋកិច្ច ផ្ដល់ការងារលើកកម្ពស់ជីវភាពប្រជាពលរដ្ឋខ្មែរទេ គឺក្រុមហ៊ុននេះក៏កំពុងចូលរួមការងារសង្គមនៅក្នុងប្រទេសកម្ពុជាជាច្រើន ដូចជាកិច្ចការពារបរិស្ថាននិងកិច្ចការពារសម្បត្តិបេតិកភណ្ឌផងដែរ។ ជាក់ស្ដែងមូលនិធិអ៊ីអន បានជួយសាងសង់សារមន្ទីរព្រះនរោត្តមសីហនុ នៅក្នុងខេត្តសៀមរាប ដើម្បីដាក់វត្ថុសិល្បៈបុរាណ ដែលរកឃើញពីតំបន់អង្គរផងដែរ។ រាជរដ្ឋាភិបាលជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការល្អៗថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រីកនិងពង្រឹងមិត្តភាពជប៉ុន-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត។


លោកជំទាវ សាន់ណារ៉ា ឡងឌី រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ដើមឈើគឺជាជីវិត ។ បើគ្មានដើមឈើគឺគ្មានប្រភពទឹក គ្មានជីវិតមនុស្ស សត្វនិងជីវចម្រុះ គ្មានបរិស្ថានស្រស់ស្អាតនិងគ្មានអ្វីៗទាំងអស់។ នៅក្នុងតំបន់អង្គរ គឺដើមឈើមានសារសំខាន់យ៉ាងខ្លាំង។ ដើមឈើមានតួនាទី ក្នុងការទាក់ទាញទឹកភ្លៀង រក្សាបាននូវប្រភពទឹកក្រោមដី ស្រូបយកឧស្ម័នកាបូនិកបំប្លែងទៅជាឧស្ម័នអុកស៊ីសែន និងផ្ដល់ជាម្លប់ដល់អ្នកទេសចរ និងសត្វផង។ បន្ថែមលើនេះដើមឈើក៏ដើរតួនាទីដ៏សំខាន់ផ្សេងទៀតក្នុងកិច្ចការពារប្រាសាទបុរាណផងដែរ ។ មានន័យប្រាសាទបុរាណខ្មែរជាច្រើនបានសាងសង់លើគ្រឹះដែលជាដីខ្សាច់ ហើយត្រូវការចាំបាច់នូវប្រភពទឹកក្រោមដី និងទឹកភ្លៀង សម្រាប់រក្សានិងបញ្ចូលទឹកទៅក្នុងប្រឡាយ ស្រះ បារាយណ៍ កសិន្ទុបុរាណដែលនៅព័ទ្ធជុំវិញ ដើម្បីជួយចិញ្ចឹមគ្រឹះប្រាសាទ ឱ្យមានលំនឹង និងកុំឱ្យបាក់ដួលរលំ។ ដើមឈើក៏ជួយជារនាំងការពារទប់ទល់និងការប្រែវប្រួលអាកាសធាតុ ការរីករួមពុកផុយថ្មរបស់ប្រាសាទ និងគ្រោះធម្មជាតិ ខ្យល់ព្យុះ ព្រមទាំងទឹកជំនន់ជាដើម។ ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះអាជ្ញាធរជាតិអប្សរា ដែលមានកិច្ចសហការជាមួយស្ថាប័នផ្សេងៗ បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការដាំដើមឈើចម្រុះនៅក្នុងតំបន់ឧទ្យានអង្គរ បានចំនួនជាង២លានដើម៕
ដោយ ឃុត សៅ





