លោក កែ សួនសុភាព ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកងកម្លាំងប្រជាការពារ និងនគរបាលនៅស្រុកថ្មពួកជាប់ព្រំដែន
AKP បន្ទាយមានជ័យ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥-- លោក កែ សួនសុភាព អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងជាប្រធានស.ស.យ.ក. ខេត្តបន្ទាយមានជ័យ រួមជាមួយភរិយា កាលពីរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលយ៉ាងកក់ក្ដៅជាមួយកងកម្លាំងប្រជាការពារដែលកំពុងបំពេញភារកិច្ចថែរក្សាសន្តិសុខនៅតាមឃុំជាប់ព្រំដែន ក្នុងភូមិសាស្ត្រស្រុកថ្មពួក។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលាស្រុកថ្មពួក ដោយមានការចូលរួមពីកងកម្លាំងសរុប ២៤៧ នាក់។

ក្នុងឱកាសនោះ លោក កែ សួនសុភាព បាននាំយកអំណោយជាច្រើនផ្តល់ជូនដល់កងកម្លាំងប្រជាការពារម្នាក់ៗ រួមមាន ថវិកាចំនួន ៤០.០០០ រៀល និងសារុង១ ឃីតចំនួន១ អង្ករចំនួន ១០ គីឡូក្រាម និងទឹកសុទ្ធចំនួន ១ យួរ។ អំណោយទាំងនេះគឺជាការលើកទឹកចិត្ត និងជាការបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះការលះបង់របស់កងកម្លាំងប្រជាការពារក្នុងកិច្ចការពារសន្តិសុខជូនជាតិ និងប្រជាជន។
បន្ថែមពីនេះ លោក កែ សួនសុភាព ក៏បានផ្តល់អំណោយដល់កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកថ្មពួកចំនួន ១៨ នាក់ និងក្រុមការងារអភិវឌ្ឍន៍យុវជនស្រុកថ្មពួកចំនួន ២៧ នាក់ ផងដែរ។ កងកម្លាំងនគរបាល និងក្រុមការងារយុវជនម្នាក់ៗបានទទួលថវិកាចំនួន ៤០.០០០ រៀល និងសារុង១។

ក្នុងឱកាសសំណេះសំណាលដ៏មានអត្ថន័យនេះ លោក កែ សួនសុភាព បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងប្រជាការពារ កងកម្លាំងនគរបាល និងក្រុមការងារអភិវឌ្ឍន៍យុវជនទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍនៅក្នុងមូលដ្ឋានស្រុកថ្មពួក ជាពិសេសនៅតាមតំបន់ជាប់ព្រំដែន។
លោកបានសង្កត់ធ្ងន់ថា «បងប្អូនកងកម្លាំងប្រជាការពារ និងកងកម្លាំងនគរបាល គឺជាកម្លាំងស្នូលដ៏សំខាន់ក្នុងការថែរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដីរបស់យើង។ ការលះបង់របស់បងប្អូន ជាពិសេសការបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃនៅតាមតំបន់ព្រំដែន គឺពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនជានិច្ច។»


លោកក៏បានបន្ថែមទៀតថា «ខ្ញុំសូមជំរុញឱ្យបងប្អូនទាំងអស់បន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពវិន័យ ក៏ដូចជាចូលរួមសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងមូលដ្ឋានរបស់យើង។ សូមបងប្អូនបន្តចូលរួមទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆ្លងដែន និងគ្រឿងញៀន ដែលជាកត្តាប៉ះពាល់ដល់សង្គមជាតិ។»
សកម្មភាពនៃការចុះសួរសុខទុក្ខនេះគឺជាការបង្ហាញពីការយកចិត្តទុកដាក់ និងការលើកទឹកចិត្តរបស់ថ្នាក់ដឹកនាំខេត្តចំពោះកងកម្លាំងទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបម្រើជាតិ និងប្រជាជន៕
ដោយ ឈុន សារ៉ាត





