កសិករខេត្តកំពង់ធំធ្វើស្រែវស្សាបានជាង៩៩ភាគរយ
AKP កំពង់ធំ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥-- មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឱ្យដឹងកាលពីរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ថា ការងារបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាកសិករខេត្តកំពង់ធំគិតត្រឹមថ្ងៃទី០៤ ខែកក្កដានេះ សម្រេចបានលើផ្ទៃដីសរុបចំនួន២១៨០២២ហិកតា ស្មើនឹង៩៩,១០ ភាគរយនៃផែនការ២២០ ០០០ហិកតាធៀបទៅនឹងឆ្នាំមុនរយៈពេលដូចគ្នាខ្ពស់ជាងចំនួន២៥៨៧៩ហិកតា។
ផ្ទៃដីស្រូវវស្សាដែលអនុវត្តបានរួមមានស្រូវវាឬស្រូវឡើងទឹកចំនួន១៨៧៤ហិកតា។ ព្រួសនិងស្ទូងស្រូវធ្ងន់បានចំនួន៣៤៨៨៧៥ហិកតា ព្រួសនិងស្ទូងស្រូវកណ្ដាលចំនួន១០៨៥២៩ហិកតា។ព្រួសស្រូវស្រាលបានចំនួន៧២៣៦៤ហិកតាក្នុងនោះស្រូវស្រាលបង្កើតរដូវចំនួន៤៦៣២៥ហិកតា និងស្រូវស្រាលធម្មតាចំនួន២៦០៣៩ហិកតា និងដាំស្រូវចំការបានចំនួន២៩៨ហិកតា ព្រមទាំងបានធ្វើការប្រមូលផលស្រូវបង្កើតរដូវបានចំនួន៨៣៦ហិកតាដោយទទួលបានទិន្នផលមធ្យម៤,១៦៨តោនក្នុង១ហិកតា។


ទន្ទឹមនឹងនេះដែរប្រជាកសិករខេត្តកំពង់ធំបានយកចិត្តដាក់ទុកដាក់ដាំដំណាំរួមផ្សំផ្សេងៗពោត ដំឡូងមី ដំឡូងជ្វា ឪឡឹក បន្លែ សណ្ដែកដីនិងអំពៅសរុបចំនួន៣៧៩០២ហិកតាធៀបទៅនិងឆ្នាំមុនរយៈពេលដូចគ្នា ទាបជាងចំនួន ១៣៩៧០ហិកតា។
សូមបញ្ជាក់ថាស្ថានភាពទឹកជំនន់ទឹកភ្លៀងក្នុងរយៈពេលកន្លងមកបានធ្វើឱ្យប៉ះពាល់លើដំណាំស្រូវរបស់ប្រជាកសិករចំនួន២៩៧៤ហិកតាលើ០៦ស្រុក ២៣ឃុំ ១១៤ភូមិ ស្មើនឹង២៤០៥គ្រួសារក្នុងនោះខូចខាតចំនួន១០១២ហិកតាលើ០៤ស្រុក ១១ឃុំ ៥៨ភូមិ ស្មើនឹង៩៨៣គ្រួសារ៕
ដោយ ស៊ុម វណ្ណា





