ឯកឧត្ដម ឃួង ស្រេង បញ្ជាឱ្យសមត្ថកិច្ចជំនាញទាំង១៤ខណ្ឌ ចុះបង្ក្រាបគ្រឿងញៀន និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ONLINE SCAMS ឱ្យបានល្អនៅមូលដ្ឋានខ្លួន
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងមានសមត្ថកិច្ចជំនាញ អាជ្ញាធរខណ្ឌទាំង១៤ បន្តចុះបង្ក្រាបគ្រឿងញៀន ការលុបបំបាត់ការជក់បារីអេឡិចត្រូនិក ឬស៊ីហ្សា និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ONLINE SCAMS សំដៅធ្វើយ៉ាងណាឱ្យភូមិ សង្កាត់ មានសុវត្ថិភាព។ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានបញ្ជាបែបនេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ មកពីមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទាំង១៤ នាព្រឹកថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា ដើម្បីអនុវត្ដតាមនយោបាយរបស់រាជរដ្ឋាភិបាលភូមិ សង្កាត់មានសុវត្ថិភាព យើងត្រូវបន្ដថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អ ពិសេសគឺការបន្តទប់ស្កាត់ បង្ក្រាបគ្រឿងញៀន ការលុបបំបាត់ការជក់បារីអេឡិចត្រូនិក ឬស៊ីហ្សា (VAP) និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅធ្វើយ៉ាងណា នៅមូលដ្ឋាននីមួយៗ ដែលអាជ្ញាធរគ្រប់គ្រប់គ្រង ត្រូវធានាសុវត្ថិភាពការពារ សុខបានល្អ រស់នៅដោយគ្មានការភ័យក្លាច។
ទន្ទឹមនឹងនេះ ឯកឧត្ដមបានបន្ដថា ការងារសព្វបែបយ៉ាងគឺសុទ្ធតែជាការងាររបស់អាជ្ញាធរខណ្ឌ បើយើងបង្ក្រាបមិនបានគ្មាននរណាបង្ក្រាបបានទេ រឿងគ្រឿងញៀន អាជ្ញាធរខណ្ឌត្រូវម្ចាស់ការធ្វើរៀងខ្លួន ដើម្បីបង្ក្រាបគ្រឿងញៀនឱ្យបានល្អ។ ការងារនេះបើកម្លាំងយើងមិនគ្រប់គ្រាន់ ត្រូវស្នើសុំកម្លាំងបន្ថែម គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនឹងរកថវិកាជួយទ្រទ្រង់ការងារនេះ ដើម្បីប្រតិបត្តិការឱ្យបានយ៉ាងសកម្ម អាជ្ញាធរខណ្ឌទាំងអស់ត្រូវរងចាំសហការជាមួយកម្លាំងទាំង២ប្រភេទ ក្នុងការបង្ក្រាបគ្រឿងញៀននេះឱ្យបានល្អប្រសើរ។ បើចង់ធ្វើអភិបាលខណ្ឌត្រូវតែនៅជាមួយប្រជាពលរដ្ឋជានិច្ចគ្មានគិតថ្ងៃសៅរ៌ និងអាទិត្យនោះទេ គ្រឿងញៀន និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជារឿងដែលត្រូវបង្ក្រាបជាប្រចាំ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ត្រូវពិនិត្យតាមខុនដូ និងបុរីដែលមានការសង្ស័យថា បាន និងកំពុងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

ឯកឧត្ដមបានបន្តទៀតថា ការងារខាងលើ គ្រប់ខណ្ឌត្រូវប្រជុំដាក់ផែនការ ទៅឱ្យមេភូមិនិងប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់ សហការជាមួយយើង ចាប់ពីពេលនេះតទៅ នឹងបន្តការរឹតបន្តឹងបន្ថែមទៀត លើការបង្ក្រាប ការជក់ស៊ីហ្សានៅតាមសាលារៀន ត្រូវតែលុបបំបាត់ឱ្យអស់ សិស្សានុសិស្ស ជាទំពាំងស្នងឬស្សី ទំពាំង ត្រូវមើលថែឱ្យល្អ ធំធាត់ ដើម្បីជាធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិបើពួកគាត់កំពុងពេញកម្លាំង បែរជាឈឺ តើយើងមានកម្លាំងឯណាដើម្បីជួយជាតិ រឿងនេះមន្ទីរអប់រំយុវជននិងកីឡា ត្រូវមើលការងារនេះឱ្យបានល្អ បន្ថែមពីនេះចំពោះអាជ្ញាធរខណ្ឌដែលមានទីតាំងជាកន្លែងសប្បាយភាពត្រូវចុះពិនិត្យមើលជាប្រចាំ ត្រូវយក ស្លាកសញ្ញាដាក់ ហាមជក់បារីអេឡិចត្រូនិច ឬ ស៊ីហ្សា (VAP) ទៅបិទតាមហាងនានា នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅហាងបារាំង។

លោកឧត្តមសេនីយ៍ទោ គល់ យី ស្នងការរងរាជធានីភ្នំពេញ បានបញ្ជាក់ថា ចំពោះបញ្ហាគ្រឿងញៀននៅតែជាបញ្ហាប្រឈម ដោយក្រុមជនល្មើសបានធ្វើសកម្មភាពផ្លាស់ប្តូរគ្រប់រូបភាព ដែលសមត្ថកិច្ចយើងក៏ពិបាកក្នុងការបង្ក្រាប ដូចជាករណីខ្លះការជួញដូរគ្រឿងញៀនរាប់គីឡូក្រាម ពួកគេប្រើរូបភាព ដោយយកគ្រឿងញៀនទៅដាក់នៅគោលដៅមួយ ហើយពួកគេប្រើឡុកខេសិនប្រាប់ពីទីតាំងនោះ ចំពោះទឹកប្រាក់ទិញគ្រឿងញៀននោះវិញ ពួកគេវេរតាមប្រព័ន្ធអនឡាញ តាមធនាគារផ្ទេរ ប្រាក់ជាច្រើនប្រភេទជាដើម៕
ដោយ សួស សំរិត





