ចិន និងសហភាពអឺរ៉ុបសន្យាគាំទ្រពហុភាគីនិយម និងបង្កើនកិច្ចសហប្រតិបត្តិការ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) និងប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក អានតូញ៉ូ កូស្ដា (Antonio Costa) បានជួបពិភាក្សាគ្នាកាលពីថ្ងៃពុធ ដោយបានសន្យាថានឹងលើកកម្ពស់ពហុភាគីនិយម និងពង្រឹងកិច្ចសហប្រតិបត្តិការ។
ដោយកត់សម្គាល់ថា ទាំងសហភាពអឺរ៉ុប និងចិនគឺជាអ្នកគាំទ្រពហុភាគីនិយម លោក កូស្ដា បាននិយាយថា សហភាពអឺរ៉ុបមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសចិនដើម្បីរក្សាការគោរពគ្នាទៅវិញទៅមក ឆ្លងកាត់ភាពខុសគ្នា លើកកម្ពស់ការយល់ដឹង និងរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល។
លោកបាននិយាយថា សហភាពអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសចិនដើម្បីធានានូវជោគជ័យពេញលេញនៃកិច្ចប្រជុំមេដឹកនាំសហភាពអឺរ៉ុប-ចិននាពេលខាងមុខ ដោយលោកបានបន្ថែមថា សហភាពអឺរ៉ុបនឹងបន្តប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយចិនតែមួយ។
លោក វ៉ាង ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បាននិយាយថា ប្រទេសចិនចាត់ទុកសហភាពអឺរ៉ុបជាប៉ូលដ៏សំខាន់មួយនៅក្នុងពិភពលោកពហុប៉ូល ហើយប្រទេសចិនតែងតែគាំទ្រការធ្វើសមាហរណកម្មអឺរ៉ុប ហើយរីករាយដែលឃើញសហភាពអឺរ៉ុបបង្កើនស្វ័យភាពជាយុទ្ធសាស្ត្រ និងដើរតួនាទីកាន់តែធំនៅក្នុងឆាកអន្តរជាតិ។
លោក វ៉ាង បាននិយាយថា ស្ថានភាពអន្តរជាតិកាន់តែធ្ងន់ធ្ងរ និងស្មុគ្រស្មាញ ប្រទេសចិន និងសហភាពអឺរ៉ុបកាន់តែត្រូវការពង្រឹងសាមគ្គីភាព និងការសម្របសម្រួល ហើយធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ជាកម្លាំងរក្សាស្ថិរភាពនៅក្នុងពិភពលោកដ៏ចលាចលមួយ ដោយលោកបានបន្ថែមថា ភាគីទាំងពីរគួរតែគោរពយ៉ាងស្មោះស្ម័គ្រចំពោះផលប្រយោជន៍ស្នូល បង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នា និងរួមចំណែកដល់ភាពជោគជ័យរបស់គ្នាទៅវិញទៅមក៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





