អ្នកដំណើរ ៣៥នាក់ត្រូវបានជួយសង្គ្រោះបន្ទាប់ពីសាឡាងឥណ្ឌូណេស៊ីមួយលិចនៅតាមផ្លូវទៅកាន់កោះបាលី
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ -- អាជ្ញាធរឥណ្ឌូណេស៊ីបានជួយសង្គ្រោះអ្នកដំណើរចំនួន ៣៥នាក់ បន្ទាប់ពីសាឡាងដឹកអ្នកដំណើរមួយដែលមានមនុស្សជិះសរុប ៦៥នាក់ បានលិចនៅជិតកោះបាលី កាលពីយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះជាតិឥណ្ឌូណេស៊ី លោក ម៉ូហាំម៉ាដ ស៊ីយ៉ាហ្វ៊ី (Mohammad Syafii) បានបញ្ជាក់ថា មនុស្សចំនួន ៥នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ ហើយ ២៥នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ។
លេខាធិការខុទ្ទកាល័យនាយករដ្ឋមន្រ្តីឥណ្ឌូណេស៊ី លោក ធេតឌី អ៊ីនដ្រា វីចាយ៉ា (Teddy Indra Wijaya) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី០៣ ខែកក្កដាថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) ដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត បានបញ្ជាឱ្យមានការឆ្លើយតបជាបន្ទាន់ភ្លាមៗ។ លោកបាននិយាយបន្ថែមថា មូលហេតុនៃឧបទ្ទវហេតុនេះ គឺបណ្តាលមកពីអាកាសធាតុអាក្រក់។
ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះស៊ូរ៉ាបាយ៉ាដែលមានមូលដ្ឋាននៅកោះជ្វា លោក ណាណាង ស៊ីគីត (Nanang Sigit) បាននិយាយថា ក្រុមជួយសង្គ្រោះយ៉ាងហោចណាស់ ៥៤ នាក់ ដែលរួមទាំងកងទ័ពជើងទឹក និងប៉ូលិស ត្រូវបានបញ្ជូនរួមជាមួយនឹងទូកជួយសង្គ្រោះ ខណៈដែលកប៉ាល់ធំមួយត្រូវបានបញ្ជូនទៅពេលបន្ទាប់ពីទីក្រុងស៊ូរ៉ាបាយ៉ា ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងស្វែងរក។
លោកបានសង្កត់ធ្ងន់ថា រលកកម្ពស់រហូតដល់ ២,៥ម៉ែត្រ ជាមួយនឹងខ្យល់បក់ខ្លាំងបានប៉ះពាល់ដល់ប្រតិបត្តិការជួយសង្គ្រោះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





