អនុរដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ី៖ តម្រូវការប្រេងរុស្ស៊ីដោយក្រុមប្រទេសប្រ៊ីកស៍លើសពីការផ្គត់ផ្គង់
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ -- បណ្តាប្រទេសនៃក្រុមប្រទេសប្រ៊ីកស៍ (BRICS) កំពុងបង្ហាញពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងទៅលើធនធានថាមពលរបស់រុស្ស៊ី រួមទាំងប្រេង ឧស្ម័នធម្មជាតិរាវ និងធ្យូងថ្ម ជាមួយនឹងតម្រូវការប្រេងលើសពីបរិមាណដែលមាន ដែលភាគច្រើនបានចុះកិច្ចសន្យារួចហើយ។ នេះបើយោងតាមអនុរដ្ឋមន្ត្រីក្រសួងថាមពលរបស់រុស្ស៊ី លោក រ៉ូមេន ម៉ាស្សាវីន (Roman Marshavin) បានប្រាប់សារព័ត៌មានស្ពុតនីក (Sputnik)។
លោក ម៉ាស្សាវីន បាននិយាយថា «ដៃគូប្រ៊ីកស៍កំពុងប្រកាសដោយបើកចំហនូវចំណាប់អារម្មណ៍របស់ពួកគេទៅលើធនធានថាមពលរបស់រុស្ស៊ី សូម្បីតែគម្រោងដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់បស្ចិមប្រទេសក៏ដោយ។ យើងកំពុងនិយាយអំពីឧស្ម័នធម្មជាតិរាវ (LNG) ប្រេង ផលិតផលឥន្ធនៈ និងធ្យូងថ្ម។ លើសពីនេះទៀត សម្រាប់ប្រេង យើងត្រូវប្រឈមមុខនឹងស្ថានភាពដែលតម្រូវការលើសពីបរិមាណដែលមាន»។
បន្ថែមពីលើការផ្គត់ផ្គង់ថាមពលនេះ ដៃគូនៃក្រុមប្រទេសប្រ៊ីកស៍ក៏ចាប់អារម្មណ៍ទៅលើបទពិសោធន៍នៃការធ្វើពាណិជ្ជកម្មរបស់រុស្ស៊ីក្រោមការដាក់ទណ្ឌកម្មផងដែរ ដោយលោក ម៉ាស្សាវីន បានពន្យល់ដោយរំលឹកថា នៅក្នុងឆ្នាំ២០២២ រុស្ស៊ីមិនត្រឹមតែអាចតម្រង់ទិសនៃការនាំចេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សាបាននូវបរិមាណរបស់វាផងដែរ។
មន្រ្តីរូបនោះបាននិយាយបន្ថែមថា ក្នុងន័យនេះ រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយរបស់ខ្លួនដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចរួមគ្នា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





