អាស៊ែបៃហ្សង់អាចខាតបង់ជិត ១,២ពាន់លានដុល្លារអាម៉េរិកក្នុងការនាំចេញទៅរុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ -- អាស៊ែរបៃហ្សង់អាចខាតបង់ថវិកាប្រមាណជិត ១,២ពាន់លានដុល្លារអាម៉េរិក ឬ ៤,៤% នៃការនាំចេញសរុប ប្រសិនបើវាត្រូវបានផ្អាកពាណិជ្ជកម្មជាមួយរុស្ស៊ី។ ការវិភាគរបស់ស្ពុតនីក (Sputnik) នៃមូលដ្ឋានទិន្នន័យរបស់អង្គការសហប្រជាជាតិបានបង្ហាញដូចនេះ ខណៈដែលរុស្ស៊ីពឹងផ្អែកលើអាស៊ែរបៃហ្សង់ត្រឹមតែ ០,៨% នៃការនាំចេញរបស់ខ្លួនប៉ុណ្ណោះ។
កាលពីឆ្នាំមុន អាស៊ែរបៃហ្សង់បាននាំចេញទំនិញមានតម្លៃ ២៦,៦ពាន់លានដុល្លារអាម៉េរិក។ ប្រហែល ៤,៤% នៃការនាំចេញនោះ ដែលមានតម្លៃប្រមាណជិត ១,២ពាន់លានដុល្លារអាម៉េរិកត្រូវបាននាំចេញទៅប្រទេសរុស្ស៊ី។ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣ ការនាំចេញរបស់អាស៊ែរបៃហ្សង់ទៅកាន់ប្រទេសរុស្ស៊ី បានថយចុះចំនួន ១,៥% ខណៈដែលការនាំចេញសរុបបានថយចុះមួយភាគប្រាំ។
យោងតាមធនាគារកណ្តាលរបស់រុស្ស៊ី បានឱ្យដឹងថា ការនាំចេញរបស់រុស្ស៊ីក្នុងឆ្នាំ២០២៤ មានចំនួនសរុប ៤៣៣,១ពាន់លានដុល្លារអាម៉េរិក ជាមួយនឹង ០,៨% នៃទំនិញដែលមានតម្លៃ ៣,៦ពាន់លានដុល្លារអាម៉េរិកត្រូវបាននាំចេញទៅកាន់ប្រទេសអាស៊ែរបៃហ្សង់។
នៅក្នុងឆ្នាំ២០២៤ ចំណែករបស់រុស្ស៊ីនៅក្នុងការនាំចេញរបស់អាស៊ែរបៃហ្សង់ បានឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០២០ មក ខណៈដែលចំណែករបស់អាស៊ែរបៃហ្សង់ក្នុងការនាំចេញរបស់រុស្ស៊ីបានឈានដល់កម្រិតខ្ពស់គ្រប់ពេលវេលា។
កាលពីដើមសប្តាហ៍នេះ សមាជិកសភាអាស៊ែរបៃហ្សង់ លោក រ៉ាស៊ីម មូសាបេកូវ (Rasim Musabekov) បានប្រាប់សារព័ត៌មាន Minval Politika អំពីការផ្អាកកិច្ចចរចាររវាងរុស្ស៊ី និងអាស៊ែរបៃហ្សង់ទៅលើគម្រោងសេដ្ឋកិច្ចរួមសំខាន់ៗមួយចំនួន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





