លោក វ៉ាង យី៖ ចិន និងសហភាពអឺរ៉ុប គួរជំរុញការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយថា អាជ្ញាធរចិន និងសហភាពអឺរ៉ុបគួរតែជំរុញការដោះស្រាយដោយសន្តិវិធីនៃការខ្វែងគំនិតគ្នាជាអន្តរជាតិ និងរួមគ្នាដោះស្រាយបញ្ហាសកលលោក។
យោងតាមគេហទំព័ររបស់ក្រសួងការបរទេសចិន បានឱ្យដឹងថា លោក វ៉ាង យី បានអំពាវនាវឱ្យភាគីទាំងពីរប្រកាន់ខ្ជាប់នូវពហុភាគីនិយម និងពាណិជ្ជកម្មសេរី ការពារច្បាប់ និងសណ្តាប់ធ្នាប់អន្តរជាតិ ជំរុញការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី និងរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកល ដូចជាការប្រែប្រួលអាកាសធាតុជាដើម។
កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ លោក វ៉ាង យី បានជួបជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ូស៊ូឡា វ៉ុន ដឺ ឡេយ៉េន (Ursula von der Leyen) នៅទីក្រុងប្រ៊ុចសែល។
ដូចដែលលោកបានបញ្ជាក់ហើយថា ទីក្រុងប៉េកាំងតែងតែគាំទ្រចំពោះដំណើរការនៃសមាហរណកម្មអឺរ៉ុប ដោយរក្សាបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងកម្រិតខ្ពស់នៃការបើកចំហរ។ យោងតាមលោក វ៉ាង យី បានឱ្យដឹងថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូជាមួយសហភាពអឺរ៉ុប ធ្វើឱ្យកាន់តែស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ពង្រឹងការបើកចំហរទៅវិញទៅមក លុបបំបាត់ភាពខ្វែងគំនិតគ្នា និងសម្រេចបានលទ្ធផលនៃផលប្រយោជន៍ទៅវិញទៅមក។
រដ្ឋមន្ត្រីការបរទេសចិនរូបនេះបានកត់សម្គាល់ថា ក្នុងស្ថានភាពអន្តរជាតិកាន់តែស្មុគស្មាញ ប្រទេសចិន និងសហភាពអឺរ៉ុបគួរតែពង្រឹងទំនាក់ទំនង ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក បន្តគោលនយោបាយប្រកបដោយការទទួលខុសត្រូវ និងដើរតួនាទីជាកម្លាំងស្ថិរភាពនៅលើពិភពលោក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





