ចិនទាមទារឱ្យសហរដ្ឋអាមេរិកដកការបិទផ្លូវប្រឆាំងនឹងគុយបា
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានជំរុញឱ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មប្រឆាំងនឹងគុយបា និងដកប្រទេសនេះចេញពីបញ្ជីនៃរដ្ឋឧបត្ថម្ភភេរវកម្ម។
នៅក្នុងសន្និសីទសារព័ត៌មានមួយ លោកស្រី ម៉ៅ បានច្រានចោលនូវអនុស្សរណៈដែលមានបំណងរឹតបន្តឹងគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះប្រទេសគុយបា ដែលបានចុះហត្ថលេខាកាលពីថ្ងៃច័ន្ទមុនដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។
អ្នកនាំពាក្យរូបនេះបានរំលឹកថា អស់រយៈពេលជាង ៦០ឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិកបានដាក់ការបិទផ្លូវយ៉ាងឃោរឃៅ និងទណ្ឌកម្មខុសច្បាប់ទៅលើប្រទេសគុយបា ដោយបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិរស់រានមានជីវិត និងសិទ្ធិអភិវឌ្ឍន៍របស់ប្រទេសកោះមួយនេះ ដោយបំពានទៅលើបទដ្ឋានជាមូលដ្ឋានក្នុងការគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនគុយបា។
លោកស្រីបាននិយាយបន្ថែមថា ប្រទេសចិនគាំទ្រយ៉ាងខ្លាំងចំពោះគុយបានៅលើមាគ៌ានៃការអភិវឌ្ឍដែលសាកសមនឹងលក្ខខណ្ឌជាតិរបស់ខ្លួន និងប្រឆាំងនឹងការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់ទីក្រុងវ៉ាស៊ីនតោនក្រោមលេសនៃអ្វីដែលគេហៅថាសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។
អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ការដកទណ្ឌកម្មប្រឆាំងនឹងគុយបា និងការដកចេញពីបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្ម ក៏ជាការអំពាវនាវរួមគ្នារបស់សហគមន៍អន្តរជាតិផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ប្រេនសាឡាទីណា)





