សហរដ្ឋអាមេរិកផ្អាកការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ -- សារព័ត៌មាន The Economist បាននិយាយដោយដកស្រង់សម្តីរបស់មន្ត្រីអ៊ុយក្រែនថា អាជ្ញាធរសហរដ្ឋអាមេរិកបានបញ្ឈប់រាល់ការដឹកជញ្ជូនសព្វាវុធរបស់អាម៉េរិកទៅកាន់អ៊ុយក្រែនហើយ រួមទាំងគ្រាប់ផ្លោង និងគ្រឿងបន្លាស់ផ្សេងៗ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយនោះបានឱ្យដឹងថា មន្ត្រីអ៊ុយក្រែនបានភ្ជាប់សកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោននេះជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ (Donald Trump) ដើម្បីច្របាច់សម្បទាននយោបាយចេញពីអ៊ុយក្រែន ដូចដែលវាបានធ្វើកាលពីដើមខែមីនាកន្លងមក នៅពេលដែលវាបានបញ្ឈប់ការចែកចាយសព្វាវុធ និងកិច្ចសហប្រតិបត្តិការស៊ើបការណ៍សម្ងាត់មួយរយៈពេលខ្លី បន្ទាប់ពីមានការប៉ះទង្គិចពាក្យសម្តីគ្នាតាមកញ្ចក់ទូរទស្សន៍រវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី (Vladimir Zelensky)។
អាមេរិកបដិសេធរាល់ការដាក់សម្ពាធលើអ៊ុយក្រែន ព្រមទាំងការបញ្ឈប់ទាំងស្រុងចំពោះការផ្គត់ផ្គង់សព្វាវុធ។ យោងតាមលោក ស៊ាន ផានែល (Sean Parnell) អ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណបានឱ្យដឹងថា ការចែកចាយនៅតែបន្ត បើទោះបីជាលោកមិនបានបញ្ជាក់លម្អិតក៏ដោយ។ មន្ទីរបញ្ចកោណបាននិយាយថា ការផ្អាកនេះគឺមានគោលបំណងរក្សាការត្រៀមខ្លួនខាងយោធា និងអាទិភាពការពារជាតិរបស់សហរដ្ឋអាមេរិក។
នៅពេលមុននេះ សារព័ត៌មានញូវយ៉កថាមស៍ បានរាយការណ៍ថា សហរដ្ឋអាមេរិកនឹងផ្អាកការផ្គត់ផ្គង់ឧបករណ៍ស្ទាក់ចាប់ប្រព័ន្ធការពារដែនអាកាស Patriot គ្រាប់មីស៊ីល GMLRS គ្រាប់មីស៊ីលបាញ់ពីអាកាសទៅដី Hellfire គ្រាប់មីស៊ីលបាញ់ពីដីទៅអាកាស Stinger និងគ្រាប់បែកមួយចំនួនទៀត។ ទាក់ទងនឹងបញ្ហានេះ ក្រសួងការបរទេសអ៊ុយក្រែនបានកោះហៅភារធារីសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ុយក្រែន លោក ចន ជីនគែល (John Ginkel) ដើម្បីពិភាក្សាអំពីស្ថានភាពនេះជាមួយនឹងការផ្គត់ផ្គង់សព្វាវុធដែលត្រូវបានផ្អាក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





