លោក ភុមថាំ វេឆាយ៉ាឆៃ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសថៃ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ -- ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក ភុមថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីស្តីទី ជំនួសនាយករដ្ឋមន្ត្រីចាំផ្ទះ លោក ស៊ូរីយ៉ា ជុងរុងរៀងគីត (Suriya Juangroongruangkit) បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសមួយកាលពីថ្ងៃទី០៣ ខែកក្កដា ម្សិលមិញនេះ។
នៅព្រឹកថ្ងៃម្សិលមិញ គណៈរដ្ឋមន្ត្រីថៃដែលទើបតែងតាំងថ្មីបានធ្វើសច្ចាប្រណិធានស្បថមុនពេលចូលកាន់តំណែងជាផ្លូវការ។
ពិធីស្បថចូលកាន់តំណែងនេះបានធ្វើឡើងបន្ទាប់ពីគណៈរដ្ឋមន្ត្រីថ្មីត្រូវបានអនុម័តដោយព្រះមហាក្សត្រ និងបានប្រកាសជាផ្លូវការក្នុងព្រះបរមរាជវាំងថៃកាលពីថ្ងៃទី០១ ខែកក្កដា នៅតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលតុលាការធម្មនុញ្ញថៃបានចេញដីកាផ្អាកតួនាទីនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ដោយរង់ចាំការពិនិត្យមើលឡើងវិញទៅលើញត្តិដែលទាមទារឱ្យលោកស្រីលាលែងពីតំណែង។
គណៈរដ្ឋមន្ត្រីថ្មីដែលមានចំនួនសរុប ១៤នាក់នោះ បានចូលរួមក្នុងពិធីស្បថចូលកាន់តំណែងនេះ រួមមានលោកស្រី ផែថុងថាន ដែលបច្ចុប្បន្នកំពុងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌មួយទៀត និងបណ្តារដ្ឋមន្ត្រីមួយចំនួនដែលត្រូវបានផ្ទេរភារកិច្ចថ្មី ដែលរួមមានទាំងលោក ភុមថាំ វេឆាយ៉ាឆៃ ដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ។ លោកស្រី ស៊ូដាវ៉ាន់ វ៉ាងស៊ូផាគីតកុសល (Sudawan Wangsuphakijkosol) ជារដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ និងលោកស្រី ណារូម៉ុន ពីនយ៉ូស៊ីនវ៉ាត់ (Narumon Pinyosinwat) ជារដ្ឋមន្ត្រីក្រសួងអប់រំ។
រដ្ឋមន្ត្រីដែលទើបតែងតាំងថ្មីរួមមាន លោក ស៊ូឆាត តាន់ចារើន (Suchart Tancharoen) ជារដ្ឋមន្ត្រីនៃការិយាល័យនាយករដ្ឋមន្ត្រី។ លោក ចាទូផន ប៊ូរូសផាត់ (Jatuporn Buruspat) ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ពង្សកាវីន ជុងរុងរឿងគីត (Pongkawin Jungrunruangkit) ជារដ្ឋមន្ត្រីក្រសួងការងារ និងលោក អាត់តាកន ស៊ីរីឡាត់តាយ៉ាកន (Attakorn Sirilattayakorn) ជារដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍។ លើសពីនេះទៀត អនុរដ្ឋមន្ត្រីថ្មីជាច្រើនរូបក៏ត្រូវបានតែងតាំងផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





