ក្រុមនារីភ្នំពេញក្រោន ស្ថិតពូល E វគ្គជម្រុះ AFC Women's Champions League
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥--
សហព័ន្ធកីឡាបាល់ទាត់អាស៊ី-AFCបានចាប់ឆ្នោតចែកពូលវគ្គជម្រុះបឋម កាលពីល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលរបស់ខ្លួន នៃការប្រកួតកីឡាបាល់ទាត់ក្លឹបនារីទ្វីបអាស៊ី (AFC Women's Champions League 2025-2026) ដោយក្រុមនារីភ្នំពេញក្រោនរបស់កម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ ប្រចាំពូល E ជាមួយ២ក្រុមទៀត។

ឆ្លងកាត់ការចាប់ឆ្នោតបែងចែកពូលរបស់ AFC គឺក្រុមនារីភ្នំពេញក្រោន ស្ថិតក្នុងពូល E ជាមួយក្រុមនារី East Bengal របស់ប្រទេសឥណ្ឌា និងក្រុម Kitchee របស់ហុងកុង។ ការប្រកួតជម្រុះបឋម (Preliminary Stage) នេះមាន១៩ក្រុមចូលរួម ដោយចែកចេញជា៥ពូល ក្នុងនោះពីពូល A ដល់ពូលD មាន៤ក្រុមស្មើៗគ្នា ខណៈពូល E ដែលក្រុមភ្នំពេញក្រោនស្ថិតនៅ មាន៣ក្រុម។ ការប្រកួតនេះគ្រោងនឹងធ្វើឡើងពីថ្ងៃទី២៣-៣១ ខែសីហា ឆ្នាំ២០២៥ ហើយក្រោយបញ្ចប់ការប្រកួតប្រចំពូលពូលទំង៥ គឺAFC កំណត់យកតែ១ក្រុមលើកំពូលតារាងទាំង៥ប៉ុណ្ណោះ ដែលនឹងឈានទៅជុំចុងក្រោយ។

ក្រុមនារីភ្នំពេញក្រោន គឺជាម្ចាស់ជើងឯកលីគបាល់ទាត់នារីកម្ពុជា (Cambodian Women League 2024-25) ក្រោយយកឈ្នះ ក្រុមនារីវិសាខា នៅវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ២-០ កាលពីថ្ងៃទី០៨ កុម្ភ: ឆ្នាំ២០២៥។ ដូច្នេះក្រុមនារីភ្នំពេញក្រោនបានក្លាយជាបេក្ខភាពតំណាងរបស់កម្ពុជា ក្នុងការចូលរួមប្រកួតវគ្គជម្រុះក្លឹបនារីទ្វីបអាស៊ីនេះ។

សម្រាប់ក្រុមដែលកំពុងឈររង់ចាំនៅវគ្គជម្រុះជុំចុងក្រោយ ក្នុងពូល Group Stage នៃពានរង្វាន់ AFC Women’s Champions League 2025-2026 នេះ រួមមាន៖ ក្រុមនារី Melbourne City FC (អូស្រ្តាលី) Suwon FC Women (កូរ៉េខាងត្បូង) Tokyo Verdy Beleza (ជប៉ុន) Wuhan Jiangda (ចិន) Ho Chi Minh City Women’s FC (វៀតណាម) Bam Khatoon FC (អ៊ីរ៉ង់) និងក្រុមមកពីអារ៉ាប់រួម។ ចំពោះការចាប់ឆ្នោតវគ្គ Group Stage គ្រោងនឹងធ្វើឡើង នាខែកញ្ញា ហើយការប្រកួតជុំចុងក្រោយ គ្រោងនឹងចាប់ផ្តើម នាខែវិច្ឆិកា ឆ្នាំ២០២៥៕
ដោយ ហេង ណាលីន





