កិច្ចប្រជុំសាមញ្ញលើកទី១៤របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិទី៤
AKP ស្ទឹងត្រែង ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៤របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែងអាណត្តិទី៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ នាយកទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តស្ទឹងត្រែងជាច្រើនរូប។

កិច្ចប្រជុំមានរបៀបវារៈសំខាន់ៗ ដើម្បីលើកយកមកពិនិត្យ និងពិភាក្សារួមមាន៖ ១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤។ ២.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤។ ៣.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៥ និងទិសដៅការងារសម្រាប់អនុវត្តនៃខែបន្ទាប់របស់រដ្ឋបាល។ ៤.ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត។ ៥.ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសសភាព នៃសេចក្តីសម្រេចលេខ ០៨៨/២៤ សសរ ចុះថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២៤ ស្តីពីការបែងចែកភារកិច្ចសមាជិកក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ដើម្បីទំនាក់ទំនងការងារជាមួយក្រុមប្រឹក្សាក្រុង ស្រុក និង ឃុំ សង្កាត់ និង ៦.ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៦-២០២៧ និងគម្រោងថវិកាឆ្នាំ២០២៦របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត។

ក្នុងឱកាសនោះ បន្ទាប់ពីស្តាប់របាយការណ៍របស់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធរួចមក ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តបានធ្វើការបូកសរុប និងវាយតម្លៃចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់រដ្ឋបាល ខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រោះការងារធ្វើបានល្អអាស្រ័យដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋ និងវិស័យឯកជន ដើម្បីរួមគ្នាធ្វើការដោះស្រាយ និងអភិវឌ្ឍន៍ខេត្តស្ទឹងត្រែងឱ្យមានការរីកចម្រើនស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជាពិសេសការយកចិត្តទុកដាក់ជំរុញជាប់ជាប្រចាំនូវការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលជាបំណងប្រាថ្នាចាំបាច់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តជំរុញដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរអង្គភាពដែលពាក់ព័ន្ធ ត្រូវបន្តដោះស្រាយបញ្ហាដែលកើតក្នុងមូលដ្ឋានរបស់ខ្លួនដែលនៅសេសសល់ ដើម្បីធ្វើយ៉ាងឱ្យប្រជាពលរដ្ឋមានការទុកចិត្តមករាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំខេត្ត ធ្វើឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅពីអាជ្ញាធរឱ្យខ្លួនតាមមូលដ្ឋានផងដែរ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង)





