លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព អញ្ជើញចូលរួមជាអធិបតីក្នុងពិធីខួបអនុស្សារីយ៍លើកទី៧៤នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅស្រុកប្រាសាទបល្ល័ង្គ
AKP កំពង់ធំ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥--
បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ដកំពង់ធំ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារួចមក លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីខួបអនុស្សារីយ៍លើកទី៧៤នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅទីស្នាក់ការគណបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំដោយមានការចូលរួមពីសមាជិក សមាជិកាគណបក្សខេត្ត-ស្រុក-ឃុំចំនួន៦៥០នាក់។

លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព បានមានប្រសាសន៍ថាឆ្នាំនេះគឺជាខួបលើកទី៧៤នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា "២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥" ដែលតែងតែប្រារព្ធរំលឹកជារៀងរាល់ឆ្នាំ។ ក្នុងនាមពលរដ្ឋខ្មែរមួយរូប ខ្ញុំពិតជាដឹងគុណនិងចងចាំជានិច្ចចំពោះគុណូបការៈដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះប្រទេសជាតិមាតុភូមិ និងការដឹកនាំ កសាង ព្រមទាំងការអភិវឌ្ឍប្រទេសជាតិឱ្យមានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ ពិសេសការនាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ ជូនជាតិមាតុភូមិនៃយើង។

លោកអ្នកឧកញ៉ាបណ្ឌិតបានជំរុញក្រុមការងារគណបក្សស្រុក-ឃុំទាំងអស់ឱ្យខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋបន្តទៀត ដើម្បីឱ្យក្នុងមូលដ្ឋានកាន់តែរីកចម្រើននិងទទួលបានការទុកចិត្ត ពេញចិត្តលើគណបក្សប្រជាជនកម្ពុជាបន្ថែមទៀត។
ក្នុងឱកាសនោះ លោកអ្នកឧកញ៉ា បណ្ឌិត ក៏បានអញ្ជើញចុះជួប និងសួរសុខទុក្ខពលករពលការនីក្នុងស្រុកប្រាសាទបល្ល័ង្កចំនួន២៣៧នាក់ ដែលទើបត្រឡប់មកពីប្រទេសថៃ ដើម្បីបម្រើការងារនៅប្រទេសកំណើតវិញនិងបាននាំយកនូវអំណោយមួយចំនួនចែកជូនដល់បងប្អូនពលករពលការនីផងដែរ ដោយក្នុងម្នាក់ៗទទួលបានអង្ករ២០គីឡូក្រាម មីជាតិ១កេស ត្រីខកំប៉ុង១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកាចំនួន១០ម៉ឺនរៀល។

ទន្ទឹមនេះដែរ លោកអ្នកឧកញ៉ា បណ្ឌិត ក៏បាននាំយកនូវឯកសណ្ឋានប្រជាការពារចំនួន៨២០ឈុត និងថវិកាមួយចំនួនប្រគល់ជូនដល់គណបក្សស្រុក អនុសាខាកាកបាទក្រហម គណបក្សឃុំទាំង៧ អធិការនគរបាលស្រុក កងរាជអាវុធហត្ថស្រុក ផ្នែកសឹករងស្រុក អ្នកចូលរួម និងចងដៃអាពាហ៍ពិពាហ៍សម្រាប់គូស្វាមីភរិយាចំនួន១៤៥គូ ក្នុង១គូ ចំនួន៤០ម៉ឺនរៀលផងដែរ៕
ដោយ ស៊ុម វណ្ណា





