រដ្ឋបាលស្រុកសង្គមថ្មី នាំយកគ្រឿងឧបភោគបរិភោគជូនក្រុមការងារប្រចាំការនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម
AKP ព្រះវិហារ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥-
លោក ស៊ាប កែវជីវ៉ា អភិបាលស្រុកសង្គមថ្មី បានដឹកនាំក្រុមការងារនាំយកអំណោយជាគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមមានសាច់ បន្លែបង្ការ មី ត្រីខ ទឹកបរិសុទ្ធ និងសម្ភារៈចាំបាច់ផ្សេងៗទៀត ទៅផ្តល់ជូនក្រុមការងារប្រចាំការនៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ដេីម្បីចូលរួមគាំទ្រ និងលេីកទឹកចិត្តដល់ក្រុមការងារដែល កំពុងបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ដើម្បីការពារសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ពិធីនេះប្រព្រឹត្តទៅ ក្រោមវត្តមាន លោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រី ជាក្រុមការងារប្រចាំការ នៅវត្តពោធិ៥០០០ ដើម ជាច្រើនរូប។


ក្នុងឱកាសនោះ លោក ស៊ាប កែវជីវ៉ា បានបញ្ជាក់ថា សម្ភារ និងគ្រឿងឧបភោគបរិភោគនាំមកជូននាពេលនេះ រួមមាន៖ គោចំនួន ២ក្បាល ជ្រូកចំនួន ៥ក្បាល ទឹកសុទ្ធចំនួន ១៣០យួរ ទឹកត្រី ៣៦យួរ អង្ករចំនួន ២ ០០០ គីឡូក្រាម មី ៣៦កេស ត្រីខ ៣០យួរ ទឹកសុីអុីវចំនួន ២៧យួរ អំបិល ៥៩កញ្ចប់ ប៊ីចេង ៧៦កញ្ជប់ ស្ករស ៦០កញ្ចប់ ល្ពៅ ៣តោន សម្ភារជាច្រើនមុខទៀត និងថវិកា ៤០មុឺនរៀល។ លោកបន្តថា សម្ភារទាំងនេះបានមកពីការកៀរគរពីសម្បុរសជន និងរដ្ឋបាលស្រុកសង្គមថ្មី ដើម្បីចូលរួមចំណែកសម្រួលដល់ក្រុមការងារ ប្រចាំការ ដែលបានចំណាយពេលវេលានិង កម្លាំងកាយចិត្ត ក្នុងរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសចេញពីតំបន់ងាយរងហានិភ័យ ក្នុងស្រុកជាំក្សាន្ត មកស្នាក់នៅបណ្ដោះអាសន្ននៅក្នុង តំបន់សុវត្ថិភាពវត្តពោធិ៥០០០ដើម។

លោក សុខ សាន្តតារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួម បរិច្ចាគនូវ គ្រឿងឧបភោគបរិភោគទាំងអស់នេះ របស់រដ្ឋបាលស្រុកសង្គមថ្មីក្នុងពេលដ៏សំខាន់នេះ។ ទាំងនេះបញ្ជាក់ឲ្យឃើញពី ការលះបង់របស់រដ្ឋបាលស្រុក ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងស្រុកសង្គមថ្មី ប្រកបដោយសាមគ្គីភាព សមនឹងពាក្យថា ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាលំបាក៕


ដោយ៖ រិទ្ធី ប្រភព៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ





