គម្រោងព្រែកជីកហ្វូណនតេជោនឹងធ្វើឱ្យកម្ពុជាមានឯករាជ្យភាព អធិបតេយ្យភាព និងឧត្តមភាពនៅក្នុងការដឹកជញ្ជូនតាមផ្លូវទឹក
AKP កំពត ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥–ក្នុងឱកាសនៃការអញ្ជើញចុះកំណត់ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្ដោយព្រែកជីកហ្វូណនតេជោ និងពិនិត្យទីតាំងហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានលើកឡើងពីប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីថា គម្រោងព្រែកជីកហ្វូណនតេជោដែលជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលនឹងចាប់ផ្តើមការស្ថាបនាជាផ្លូវការនៅចុងឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៨ នឹងធ្វើឱ្យកម្ពុជាមានឯករាជ្យភាព អធិបតេយ្យភាព និងឧត្តមភាពនៅក្នុងការដឹកជញ្ជូនតាមផ្លូវទឹកតភ្ជាប់ពីទន្លេទៅកាន់សមុទ្រ ដោយមិនចាំបាច់ឆ្លងកាត់ប្រទេសទី៣នៅក្នុងការនាំទំនិញចេញពីកម្ពុជាទៅលក់នៅបរទេសឡើយ។


ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកព្រែកជីកហ្វូណនតេជោនេះវាបានកាត់បន្ថយនូវចម្ងាយផ្លូវ កាត់បន្ថយការចំណាយក្នុងការដឹកជញ្ជូន កាត់បន្ថយពេលវេលា កាត់បន្ថយការខូចខាតផ្លូវថ្នល់ កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កាត់បន្ថយនីតិវិធីក្នុងការនាំទំនិញចេញពីកម្ពុជាដោយនីវិធីគឺមានតែគយកម្ពុជាមួយ គ្មានគយប្រទេសណាផ្សេងទៀតទេ។ បន្ថែមពីនេះទៀតព្រែកជីកហ្វូណនតេជោដែលតាមគម្រោងពីមុនថាមានប្រវែង១៨០គីឡូម៉ែត្រ តែក្រោយមកត្រូវពង្រួញឱ្យមកនៅត្រឹមតែ១៧៤.៥គីឡូម៉ែត្រវិញនឹងផ្តល់ផលចំណេញជូនពលរដ្ឋប្រមាណ ១លាន ៦សែននាក់ ដែលរស់នៅតាមដងព្រែកលោកនឹងទទួលផលពីគម្រោងនេះដូចជាទឹកសម្រាប់ការធ្វើកសិកម្ម ការផ្តល់ផលជាមច្ឆជាតិរាប់តោន ខណៈដែលព្រែកជីកហ្វូណនតេជោក៏នឹងចូលរួមចំណែកដ៏សំខាន់ផងដែរនៅក្នុងការកាត់បន្ថយគ្រោះទឹកជំនន់ ហើយបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល ថាការបន្ថយប្រវែងព្រែកជីកហ្វូណនតេជោពី១៨០គីឡូម៉ែត្រ មកនៅត្រឹមតែ១៧៤.៥គីឡូម៉ែត្រវិញនេះ គឺដោយសារ តែកន្លែងខ្លះយើងត្រូវសម្រួលវាឱ្យត្រង់។


ក្នុងឱកាសនៃការអញ្ជើញចុះកំណត់ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្ដោយព្រែកជីកហ្វូណនតេជោ និងពិនិត្យទីតាំងហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែបនេះដែរ ឯកឧត្តម ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋរស់នៅជាប់គម្រោង ដែលបានសហការជាមួយរាជរដ្ឋាភិបាលដើម្បីធ្វើឱ្យគម្រោងអាចដំណើរការ ទៅមុខបានដោយរលូន ដោយមានការពេញចិត្តពេញថ្លើមទាំងអស់គ្នា ព្រោះនេះវាជាគម្រោងជាប្រវត្តិ សាស្ត្ររបស់ជាតិយើង ខណៈដែលរាជរដ្ឋាភិបាលបានសម្រេចចិត្តយ៉ាងមុតស្រួចក្នុងការដោះស្រាយសំណងផលប៉ះពាល់ជូនបងប្អូនដែលកុំថាឡើយលំនៅឋាន ដីធ្លី សូម្បីតែឈើ១ដើមដែលរងផលប៉ះ ពាល់ពីគម្រោងព្រែកជីហ្វូណនតេជោនេះក៏រាជរដ្ឋាភិបាលដោះស្រាយជូនផងប្អូនផងដែរ ព្រោះនេះជាទ្រព្យសម្បត្តិរបស់បងប្អូន៕
ដោយ៖ ចាន់ សុភឿន





