ឯកឧត្តម ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោត្រូវបន្តដំណើរទៅមុខតាមការគ្រោងទុករបស់រាជរដ្ឋាភិបាល គឺពុំមានការអាក់ខានសោះឡើយ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥–ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោត្រូវបន្តដំណើរទៅមុខតាមការគ្រោងទុករបស់រាជរដ្ឋាភិបាលគឺពុំមានការអាក់ខានសោះឡើយបន្ទាប់ពីរាជរដ្ឋាភិបាលធ្វើពិធីបើកការដ្ឋានព្រែកជីកនេះកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤កន្លងមកដោយមានការអបអរសាទរពីប្រជាពលរដ្ឋកម្ពុជាផង និងការអបអរសាទរពីពិភពលោកផងចំពោះគម្រោងជាប្រវត្តិសាស្ត្ររបស់យើងមួយនេះ ដែលគម្រោងនេះនឹងត្រូវបន្តដំណើរទៅតាមការគ្រោងទុកនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២៨។ ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋមេត្តាទុកចិត្តមកលើរាជរដ្ឋាភិបាល ព្រោះពេលដែលរាជរដ្ឋាភិបាលបានសម្រេចចិត្តក្នុងការធ្វើអ្វីមួយគឺរាជរដ្ឋាភិបាលបានដាក់ចុះនូវកម្មវិធី និងការអនុវត្តទៅតាមផែនការរបស់រាជរដ្ឋាភិបាល ហើយសូមកុំជឿនូវអ្នកដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតពីបញ្ហាព្រែកជីកហ្វូណនតេជោនេះ ដោយឯកឧត្តមបានលើកឡើងថានៅកម្ពុជាមានមនុស្សចំនួន៤ប្រភេទគឺ ប្រភេទអ្នកថា ប្រភេទអ្នកធ្វើ ប្រភេទអ្នកឈរមើល និងប្រភេទអ្នកទិតៀន។ ការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល យ៉ាងដូច្នេះ ក្នុងឱកាសនៃការអញ្ជើញចុះកំណត់ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្ដោយព្រែកជីកហ្វូណនតេជោ និងពិនិត្យទីតាំងហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ចំពោះគម្រោងព្រែកជីកហ្វូណនតេជោនេះកម្ពុជាធ្វើការចរចាកិច្ចព្រមព្រៀងបានចំនួន៥កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅពេលដំណើរទស្សនកិច្ចជាផ្លូវការរបស់ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី ចិនមកកម្ពុជា ដែលកិច្ចព្រមព្រៀងទាំង៥មាន កិច្ចព្រមព្រៀងសាងសង់ កិច្ចព្រមព្រៀងវិនិយោគ កិច្ចព្រម ព្រៀងម្ចាស់ភាគហ៊ុន កិច្ចព្រមព្រៀងរកដៃគូ និងកិច្ចព្រមព្រៀងជួសជុលថែទាំ ដោយតាមរយៈកិច្ចព្រម ព្រៀងនេះគឺមានន័យថាយើងសាងសង់រួចហើយទុកចោលដោយគ្មានការថែទាំនោះទេ។


ឯកឧត្តមបានគូសបញ្ជាក់ថា វត្តមាននៅកម្ពុជារបស់ឯកឧត្តម ស៊ី ជិនពីង កាលពីខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបានប្រកាសថា មិត្តចិនជួយជាជំនួយឥតសំណងក្នុងការកសាងព្រែកជីកហ្វូណនតេជោនេះ នេះមានន័យថា គម្រោងជាប្រវត្តិសាស្ត្រមួយនេះនឹងត្រូវបន្តដំណើរទៅតាមការគ្រោងទុករបស់រាជរដ្ឋាភិបាល ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៨។ ដូច្នេះសូមអ្នកទិតៀនកុំទិតៀនច្រើនពេក សូមរង់ចាំមើលថាតើគម្រោងនេះចប់ជាស្ថាពរ ឬក៏មិនចប់ តើរាជរដ្ឋាភិបាលធ្វើ ឬក៏មិនធ្វើ ហើយសូមកុំនិយាយថារាជរដ្ឋាភិបាលគ្មានលុយធ្វើឱ្យសោះ ខណៈដែលគម្រោងមួយនេះនឹងត្រូវដាក់គ្រឿងចក្រចាប់ផ្តើមការ ងារជាផ្លូវការនៅក្រោយពេលដែលក្រុមការងារបញ្ចប់ការបោះបង្គោលព្រំដី និងការដោះស្រាយសំណងផលប៉ះពាល់ជូនពលរដ្ឋចប់សព្វគ្រប់ ពោលគឺនៅពេលទឹកសម្រកចុងឆ្នាំនេះ ដោយឯកឧត្តមបានអះអាងថា ការដោះស្រាយសំណងជូនពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោ កុំថាឡើយផ្ទះសម្បែង ដីធ្លី សូម្បីតែដើមឈើ១ដើមដែលរងផលប៉ះពាល់ក៏រាជរដ្ឋាភិបាលផ្តល់សំណងជូន ពលរដ្ឋដែរ។ ដូច្នេះនៅចុងឆ្នាំនេះគឺ ក្នុងខែវិច្ឆិកា ឬខែធ្នូ យើងនឹងឃើញគ្រឿងចក្រធំៗជាច្រើនគ្រឿងនឹងចូលមកដល់ការដ្ឋាន ដែលជាទីតាំងមានការដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋរួចស្រេចហើយ ដោយយើងមិនយកគ្រឿងចក្រមកដាក់នៅកន្លែងដែលមិនទាន់បានដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋនោះទេ៕

ដោយ៖ ចាន់ សុភឿន , រូបថត៖ សួស សាវី





