លោកស្រី ប៉ាង ដានី៖ សីលធម៌សង្គមគឺជាការងារដ៏សំខាន់ពាក់ព័ន្ធដល់ការផ្លាស់ប្តូរអាកប្បកិរិយា ក៏ដូចជាផ្នត់គំនិតរបស់យើងគ្រប់គ្នា
AKP កំពង់ចាម ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ -- លោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានលើកឡើងថា សីលធម៌សង្គមគឺជាការងារដែលពាក់ព័ន្ធដល់ការផ្លាស់ប្តូរឥរិយាបថ ផ្លាស់ប្តូរអាកប្បកិរិយា ក៏ដូចជាផ្នត់គំនិតរបស់យើងគ្រប់គ្នា មុននឹងឈានទៅធ្វើការសម្រេចចិត្តទៅនិងការងារណាមួយ ដោយមិនធ្វើដោយតក់ក្រហល់ ឬការសម្រេចចិត្តធ្វើអ្វីមួយក្នុងការបានជោគជ័យ នៅក្នុងរយៈពេលខ្លីបានឡើយ។

លោកស្រីអភិបាលរងខេត្តបានថ្លែងដូចនេះក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់គណៈកម្មការចម្រុះលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំ ផអ៣ សាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីលោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការចម្រុះលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរខេត្តកំពង់ចាមផងដែរ។

ទន្ទឹមនឹងនេះ លោកស្រីបានបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើក្នុងគោលបំណងពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំ ឆមាសទី១ ឆ្នាំ២០២៥ មតិយោបល់ចូលរួម និងពិភាក្សាអំពីបញ្ហាផ្សេងៗ របស់គណៈកម្មការចំរុះលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ខេត្តកំពង់ចាមដើម្បីធ្វើជាទស្សនទាន ដែលយើងចូលរួមជាទស្សនៈរួមរបស់សង្គម ព្រមទាំងការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់មជ្ឈដ្ឋាននៅគ្រប់កម្រិត ដោយបន្តលើកកម្ពស់ សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ដែលជាកត្តារួមចំណែកធ្វើឱ្យមានសីលធម៌ សមធម៌ និងបរិយាបន្ន សុខុមាលភាពគ្រួសារ និងសង្គមផងដែរ៕


ដោយ ឆាយ ម៉ុត





