កូរ៉េខាងជើងបានប្រើប្រាស់ប្រព័ន្ធការពារដែនអាកាស Pantsir-S1 របស់ប្រទេសរុស្ស៊ីរួចហើយ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ -- កាសែតអនឡាញរបស់អ៊ុយក្រែនបានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់សំដីប្រធានចារកម្មរបស់ទីក្រុងគៀវថា ប្រទេសកូរ៉េខាងជើងបានប្រើប្រាស់ប្រព័ន្ធការពារដែនអាកាស Pantsir-S1 ផ្តល់ដោយប្រទេសរុស្ស៊ី ដើម្បីការពាររដ្ឋធានីព្យុងយ៉ាងរបស់ប្រទេសកូរ៉េខាងជើងរួចហើយ។
យោងតាមសារព័ត៌មាន The Kyiv Independent បានឱ្យដឹងថា លោក គីរីឡូ ប៊ូដានូវ (Kyrylo Budanov) ប្រធានផ្នែកចារកម្មយោធារបស់អ៊ុយក្រែន (HUR) បានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Hromadske កាលពីថ្ងៃមុន (ម៉ោងក្នុងតំបន់)។
ប្រព័ន្ធមីស៊ីល Pantsir ត្រូវបានបង្កើតឡើងដោយប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាសចម្ងាយមធ្យម និងប្រព័ន្ធកាំភ្លើងធំប្រឆាំងយន្តហោះ។
លោក ប៊ូដានូវ បាននិយាយថា ការដំឡើង Pantsir-S1 ដំបូងត្រូវបានដាក់ពង្រាយរួចហើយនៅក្នុងទីក្រុងព្យុងយ៉ាង ហើយកំពុងបំពេញកាតព្វកិច្ចប្រយុទ្ធ។ លោកបានបន្ថែមថា ជនជាតិរុស្ស៊ីកំពុងបណ្តុះបណ្តាលបុគ្គលិកកូរ៉េខាងជើងឡើងវិញដែលនឹងធ្វើការដោយស្វ័យភាពលើបច្ចេកវិទ្យានេះក្នុងពេលឆាប់ៗនេះ។
ប្រធានផ្នែកចារកម្មក៏បានកត់សម្គាល់ផងដែរថា ទីក្រុងព្យុងយ៉ាងកំពុង «បង្កើនអំណាចយោធារបស់ខ្លួនយ៉ាងខ្លាំង» តាមរយៈកិច្ចសហប្រតិបត្តិការដោយផ្ទាល់ជាមួយទីក្រុងម៉ូស្គូ។ ក្រោមកិច្ចព្រមព្រៀងការពារជាតិដែលបានចុះហត្ថលេខាកាលពីខែមិថុនាឆ្នាំមុន ប្រទេសកូរ៉េខាងជើងបានផ្តល់អាវុធ និងកងទ័ពដល់ទីក្រុងមូស្គូជាថ្នូរនឹងការហ្វឹកហ្វឺន និងបច្ចេកវិទ្យាយោធាទំនើប៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





