ឥណ្ឌូណេស៊ីមានគោលបំណងជំរុញទិន្នផលប្រេងប្រចាំថ្ងៃដល់ ១លានបារ៉ែល
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ -- អនុរដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែ លោក យូលត តាន់ជុង (Yuliot Tanjung) បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលឥណ្ឌូនេស៊ីបានកំណត់គោលដៅប្រកបដោយមហិច្ឆិតាក្នុងការសម្រេចបានប្រេង ១លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០២៩ ឬ២០៣០ ដើម្បីពង្រឹងសន្តិសុខថាមពលរបស់ប្រទេស។
ដើម្បីសម្រេចបាននូវគោលដៅ រដ្ឋាភិបាលគ្រោងនឹងបង្កើនប្រសិទ្ធភាពផលិតកម្មប្រេងក្នុងស្រុក ដែលបច្ចុប្បន្នមានចន្លោះពី ៥៨០.០០០ ទៅ ៦០០.០០០បារ៉ែលក្នុងមួយថ្ងៃ។ លោក តាន់ជុង បានកត់សម្គាល់ថា សក្តានុពលដែលមានទាំងអស់លើវិស័យក្នុងស្រុកត្រូវតែប្រើប្រាស់យ៉ាងពេញលេញដើម្បីឈានដល់គោលដៅ។
រដ្ឋាភិបាលក៏បានជំរុញឱ្យអ្នកម៉ៅការមានកិច្ចសហប្រតិបត្តិការនៅកន្លែងធ្វើការដើម្បីបង្កើនផលិតកម្មរបស់ពួកគេ។ លោក តាន់ជុង បានផ្តល់អនុសាសន៍ថា អ្នកម៉ៅការទាំងនេះបានសហការជាមួយអ្នកលក់បច្ចេកវិទ្យាដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងផលិតភាព។
លោកបាននិយាយថា «កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការបង្កើនផលិតកម្មប្រេង និងឧស្ម័នកំពុងកំណត់គោលដៅទិន្នផលប្រេងក្នុងស្រុកលើសពី ១លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០២៩ ឬ ២០៣០»។
បច្ចុប្បន្ននេះ ការប្រើប្រាស់ប្រេងប្រចាំថ្ងៃរបស់ប្រទេសឥណ្ឌូណេស៊ីមានដល់ទៅ ១,៦លានបារ៉ែលដែលបង្ហាញពីភាពបន្ទាន់នៃការជំរុញផលិតកម្មក្នុងស្រុកដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





