ប៉ូឡូញនឹងដាក់ការគ្រប់គ្រងព្រំដែនឡើងវិញជាមួយប្រទេសអាល្លឺម៉ង់ និងលីទុយអានី ចាប់ពីថ្ងៃទី៧ ខែកក្កដា
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ទូក (Donald Tusk) បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសប៉ូឡូញនឹងដាក់ដំណើរការត្រួតពិនិត្យព្រំដែនឡើងវិញជាបណ្តោះអាសន្នជាមួយប្រទេសអាល្លឺម៉ង់ និងលីទុយអានី ចាប់ពីថ្ងៃទី៧ ខែកក្កដា ដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់។
លោក ទូក បាននិយាយថា «យើងជឿជាក់ថា វាចាំបាច់ក្នុងការដាក់ចេញជាបណ្តោះអាសន្ននូវវិធានការត្រួតពិនិត្យឡើងវិញ ដើម្បីកាត់បន្ថយចំនួនជនចំណាកស្រុកដែលឆ្លងកាត់ព្រំដែនប៉ូឡូញ-អាល្លឺម៉ង់ តាមរបៀបដែលមិនអាចគ្រប់គ្រងបាន» ។
លោកបានបន្ថែមថា ប្រទេសប៉ូឡូញក៏នឹងស្ដារប៉ុស្តិ៍ត្រួតពិនិត្យនៅជិតព្រំដែនប្រទេសលីទុយអានី ដើម្បីការពារការឆ្លងកាត់ខុសច្បាប់។ យោងតាមទីភ្នាក់ងារសារព័ត៌មានប៉ូឡូញ (PAP) បានឱ្យដឹងថា រដ្ឋាភិបាលប៉ូឡូញបានជូនដំណឹងដល់អាជ្ញាធរលីទុយអានី និងស្ថាប័នពាក់ព័ន្ធរបស់សហភាពអឺរ៉ុបអំពីការសម្រេចចិត្តនេះ។
លោក ទូក ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារ PAP ថា «វិធានការត្រួតពិនិត្យព្រំដែនដែលត្រូវបានណែនាំដោយប្រទេសអាឡឺម៉ង់ត្រូវបានរំពឹងថានឹងបញ្ចប់នៅខែកញ្ញា ប៉ុន្តែយើងបានទទួលព័ត៌មានថាប្រទេសអាល្លឺម៉ង់បានសម្រេចចិត្តពង្រីកវា។ ការឆ្លើយតបរបស់យើងនឹងមានភាពស៊ីសង្វាក់គ្នា» ។
ប្រទេសអាល្លឺម៉ង់បានណែនាំការគ្រប់គ្រងព្រំដែននៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសប៉ូឡូញក្នុងខែតុលាឆ្នាំ២០២៣ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





