វេទិកាត្រីភាគីបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ -- វេទិកាកិច្ចសហប្រតិបត្តិការត្រីភាគីឆ្នាំ២០២៥ ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃអង្គារ ដោយបានប្រមូលផ្តុំអ្នកចូលរួមដោយផ្ទាល់ជាង ២០០នាក់ និងអ្នកចូលរួមតាមប្រព័ន្ធអ៊ីនធឺណិតរាប់រយនាក់ ដើម្បីពិភាក្សាអំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។
ព្រឹត្តិការណ៍ប្រចាំឆ្នាំដែលរៀបចំដោយលេខាធិការដ្ឋានកិច្ចសហប្រតិបត្តិការត្រីភាគី (TCS) ក្រោមប្រធានបទ «ការបង្កើតអនាគតរួមគ្នា៖ កិច្ចសហប្រតិបត្តិការត្រីភាគីក្រោមការផ្លាស់ប្តូរសកល» មានវគ្គរងចំនួនពីរដែលផ្តោតលើបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោកដែលកំពុងប្រឈមមុខជាមួយនឹងប្រទេសទាំងបី។
វគ្គទីមួយបានពិនិត្យលើមធ្យោបាយពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីតាមរយៈក្របខ័ណ្ឌយុទ្ធសាស្ត្រ និងស្ថាប័ន ហើយវគ្គទីពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើសង្គមវ័យចំណាស់ ការប្រែប្រួលអាកាសធាតុ គោលដៅអព្យាក្រឹតកាបូន និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។
នៅក្នុងសុន្ទរកថាបើករបស់អគ្គលេខាធិការនៃលេខាធិការដ្ឋាន TCS លោក លី ហ៊ីស៊ុប (Lee Hee-sup) បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងចំណោមប្រទេសទាំងបី ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ការបែងចែកសេដ្ឋកិច្ច និងការការពារនិយម។
វេទិកានេះបានក្លាយទៅជាព្រឹត្តិការណ៍លេចធ្លោប្រចាំឆ្នាំដែលមានគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីកិច្ចសហប្រតិបត្តិការត្រីភាគី និងផ្តល់ការយល់ដឹងសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតក្នុងចំណោមប្រជាជាតិទាំងបី៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





