ប្រធានាធិបតីក្រូអាតជំរុញលោកខាងលិចឱ្យបន្តកិច្ចសន្ទនាជាមួយរុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ -- លោក ហ្សូរ៉ាន់ មីឡានណូវីក (Zoran Milanovic) បាននិយាយកាលពីថ្ងៃអង្គារ បន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតីស្លូវ៉ាគី លោក ផេទឺ ផេលឡេហ្គ្រីនី (Peter Pellegrini) នៅទីក្រុងហ្សាហ្គ្រេបថា មេដឹកនាំលោកខាងលិចគួរតែបន្តការសន្ទនាជាមួយប្រទេសរុស្ស៊ីដើម្បីជួយបញ្ចប់ជម្លោះនៅអ៊ុយក្រែន។
លោក មីឡានណូវីក បាននិយាយថា «ការជឿទុកចិត្ត និងការមិនទុកចិត្តទាំងមូលត្រូវបានបង្កើតឡើងដើម្បីបញ្ចៀសសង្គ្រាមនុយក្លេអ៊ែរ។ នេះគឺជាទស្សនវិជ្ជាទាំងមូលនៃទំនាក់ទំនងអន្តរជាតិដែលមានលក្ខណៈល្អិតល្អន់ និងស៊ីជម្រៅ»។
ចំណែកឯលោក ផេលឡេហ្គ្រីនី បាននិយាយថា មេដឹកនាំទាំងពីរមិនជឿថា ការគាំទ្រផ្នែកយោធាបន្ថែមទៀតនឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ ព្រោះថាវាមិនអាចកម្ចាត់មហាអំណាចនុយក្លេអ៊ែរដូចប្រទេសរុស្ស៊ីតាមរយៈមធ្យោបាយប្រដាប់អាវុធបានទេ។
លោក ផេលឡេហ្គ្រីនី បានសង្កត់ធ្ងន់ថា ដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែន អង្គការណាតូ និងសហរដ្ឋអាមេរិកគួរតែស្វែងរកចំណុចរួមមួយជាមួយប្រទេសរុស្ស៊ី ថាតើពួកគេអាចបញ្ឈប់ការប្រយុទ្ធគ្នា និងចរចាដំណោះស្រាយក្រោយសង្គ្រាមសម្រាប់អ៊ុយក្រែនដែរឬទេ?
លោកបានអំពាវនាវឱ្យមេដឹកនាំសហភាពអឺរ៉ុប រួមទាំងនាយករដ្ឋមន្ត្រីអ៊ីតាលី លោក ចចចៀ មេឡូនី (Giorgia Meloni) និងអធិការបតីអាល្លឺម៉ង់ លោក ហ្វ្រេដរីច មឺហ្ស (Friedrich Merz) ចូលរួមកិច្ចពិភាក្សាជាមួយទីក្រុងម៉ូស្គូ និងស្វែងរកដំណោះស្រាយដោយការចរចា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





