កម្ពុជាសាទរប្រទេសតុងហ្គា ជារដ្ឋភាគីទី១៦៦នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ -- តបការអំពាវនាវរបស់កម្ពុជាក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ប្រទេសតុងហ្គាបានចូលរួមជារដ្ឋភាគីទី១៦៦នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស បន្ទាប់ពីសាធារណរដ្ឋកោះម៉ាសាល់ ដែលបានចូលជារដ្ឋភាគីទី១៦៥ នៃអនុសញ្ញា នាពេលថ្មីៗនេះ។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដមទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៥ ក្នុងដំណើរទស្សនកិច្ចស្វែងរកកិច្ចសហការដៃគូទៅបីប្រទេស ដែលមិនទាន់ចូលជាសមាជិកអនុសញ្ញាអូតាវ៉ា គឺប្រទេសតុងហ្គា កោះម៉ាសាល់ និងមីក្រូណេស៊ី នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ដែលមានរយៈពេលមួយសប្ដាហ៍។

ឯកឧត្ដមទេសរដ្ឋមន្ដ្រី លី ធុជ បានបញ្ជាក់ថា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កម្ពុជាបានកំណត់អាទិភាពប្រទេសចំនួនបី នៅក្នុងតំបន់ប៉ាស៊ីហ្វិក រួមមាន តុងហ្គា កោះម៉ាសាល់ និងមីក្រូណេស៊ី ដើម្បីជំរុញដល់ប្រទេសទាំងនេះចូលរួមជារដ្ឋភាគីអនុសញ្ញាហាមប្រាម ការប្រើប្រាស់មីនប្រឆាំងមនុស្ស ក្នុងដំណើរបេសកកម្មក្រៅប្រទេសក្នុងឆ្នាំ២០២៤ គណៈប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន និងជា ប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៥ បានជួបប្រជុំជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់សំខាន់ៗរបស់ប្រទេសទាំងបី ដែលរួមមានទាំងសមាជិកសភាផងដែរ ដើម្បីលើកទឹកចិត្ត និងស្នើដល់ប្រទេសទាំងបីពិចារណាចូលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ហើយប្រទេសទាំងបីបានទទួលយកសំណើរបស់កម្ពុជា និងលើកបន្តទៅកាន់រដ្ឋាភិបាលរបស់ខ្លួន ដើម្បីពិនិត្យលទ្ធភាពចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា នៅដើមឆ្នាំ២០២៥។ សាធារណរដ្ឋកោះម៉ាសាល់បានចូលជារដ្ឋភាគីទី១៦៥ នៃអនុសញ្ញាដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ហើយក្នុងខែមិថុនានេះ ប្រទេសតុងហ្គាបានចូលជារដ្ឋភាគីទី១៦៦នៃអនុសញ្ញា ដែលនឹងចូលជាធរមាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥។ ជាមួយគ្នានេះ ប្រទេសមីក្រូណេស៊ីកំពុងរៀបចំសំណើសុំចូលរួមជារដ្ឋភាគីទី១៦៧នៃអនុសញ្ញាអូតាវ៉ា តំបន់អាស៊ីប៉ាស៊ីហ្វិកនឹងក្លាយជាតំបន់ប៉ាស៊ីហ្វិកគ្មានមីននាពេលដ៏ខ្លីខាងមុខនេះ។

ក្នុងឱកាសនោះ ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រកបដោយចក្ខុវិស័យ និងប្តេជ្ញាចិត្តខ្ពស់ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌សាកល ដែលបានលើកមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ និងទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីសំណាក់រដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងស្ថាប័នអន្តរជាតិជាច្រើនចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបាន ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។ អស់រយៈពេលប្រមាណ៧ឆ្នាំមកនេះ មិនមានរដ្ឋមិនមែនភាគីណាមួយបានស្នើចូលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ានោះទេ ហេតុនេះការចូលជារដ្ឋភាគីនៃប្រទេសទាំងពីរត្រូវបានទទួលស្គាល់ថាជាសមិទ្ធផលជាសាកលដ៏ធំធេងសម្រេចបានក្រោមការដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤៕



ដោយ សួស សំរិត





