រដ្ឋមន្រ្ដីក្រសួងការពារជាតិកម្ពុជា ឆ្លើយតបទៅនឹងការលើកឡើងរបស់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃដោយអះអាងថា ខ្ញុំមិនបានបើកកិច្ចសន្ទនាណាមួយ ជាមួយភាគីថៃទាំងផ្លូវការ ឬក្រៅផ្លូវការនោះឡើយ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ -- ឯកឧត្ដម នាយកឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិកម្ពុជាបានថ្លែងបញ្ជាក់ថា បន្ទាប់ពីស្ដាប់នូវកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន របស់ឯកឧត្តម ណាត់ថាផន ណាក់ផានិក អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃកាលពីថ្ងៃទី០២ កក្កដា ២០២៥ រួចមក ឯកឧត្ដមសូមបញ្ជាក់ជូនថា៖ ១. ខ្ញុំមិនបានបើកកិច្ចសន្ទនាណាមួយ ជាមួយភាគីថៃទាំងផ្លូវការ ឬក្រៅផ្លូវការ ចាប់តាំងពីកិច្ចជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឯកឧត្តម ភូមិថាំ នៅឯខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ នោះឡើយ។

ឯកឧត្ដម នាយកឧត្ដមសេនីយ៍បានលើកឡើងថា ក្នុងងនាមរដ្ឋមន្ត្រីក្រសួងការពារជាតិក៏ដូចជាកងយោធពលខេមរភូមិន្ទ គឺគោរពតាមបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ ២. ខ្ញុំសូមអរគុណដល់ការលើកឡើងរបស់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ពាក់ព័ន្ធនឹងការគោរពសិទ្ធិគ្នាទៅវិញទៅមក ក៏ដូចជាការដឹងសុខទុក្ខរបស់ប្រជាជនកម្ពុជា និងប្រជាជនថៃ ដែលអាស្រ័យផលទៅលើច្រកព្រំដែនកម្ពុជា-ថៃ។

ការលើកឡើងរបស់ឯកឧត្ដម នាយកឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិនេះបានធ្វើឡើងតាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេប៊ុក នារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ឯកឧត្ដម នាយកឧត្ដមសេនីយ៍បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំសូមបញ្ជាក់សារជាថ្មីម្ដងទៀតថា មិនមែនកម្ពុជា ជាអ្នកបិទច្រកព្រំដែននោះទេ គឺកងទ័ពថៃជាអ្នកបិទច្រក ឬកែសម្រួលពេលវេលានៃការបិទច្រកព្រំដែនដោយឯកតោភាគី។ អាស្រ័យហេតុនេះគឺមានតែភាគីថៃ ឬកងទ័ពថៃតែប៉ុណ្ណោះដែលអាចដោះស្រាយបញ្ហានេះដោយខ្លួនឯង និងមិនចាំបាច់ចរចាជាមួយភាគីកម្ពុជាឡើយ។ កូនសោគឺស្ថិតលើដៃរបស់កងទ័ពថៃតែមួយគត់»៕
ដោយ៖ រិទ្ធី





