សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា បន្តរីកធំធាត់ និងចាក់គ្រឹះកាន់តែរឹងមាំលើការដឹកនាំគោលនយោបាយ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ -- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា គណបក្សប្រជាជនកម្ពុជា ដែលមានអាយុ ៧៤ឆ្នាំហើយ (២៨ មិថុនា ១៩៥៨-២៨ មិថុនា ២០២៥) បានបន្តរីកធំធាត់ និងចាក់គ្រឹះកាន់តែរឹងមាំទាំងលើការដឹកនាំ គោលនយោបាយ ថ្នាក់ដឹកនាំ និងជាពិសេស គឺការគាំទ្រដ៏ច្រើនពីសំណាក់ប្រជាជនកម្ពុជា។

ការអះអាងបែបនេះរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ មានទីតាំងស្ថិតនៅក្នុងភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ដែលមានទំហំផ្ទៃដី ៣៩.៧៧០ម២ នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា«គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលកើតដោយប្រជាជន និងធ្វើអ្វីៗដើម្បីប្រជាជន និងប្រកាន់ខ្ជាប់នូវគោលនយោបាយ និងកម្មវិធីនយោបាយយ៉ាងច្បាស់លាស់ក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសឆ្ពោះទៅកាន់វិបុលភាព»។

សូមជម្រាបជូនថា ស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បានចាប់ផ្តើមបើកការដ្ឋានកសាងស្នាក់ការថ្មី សម្រាប់បម្រើដល់សេចក្តីត្រូវការ និងការជួបជុំថ្នាក់ដឹកនាំ និងសមាជិកសមាជិកាគណបក្សខេត្ត ក្នុងការដឹកនាំ, ចែករំលែក និងដាក់ចេញផែនការក្នុងការអនុវត្តគោលនយោបាយ និងកម្មវិធីរបស់គណបក្ស ដែលជាកម្មវិធីរបស់រាជរដ្ឋាភិបាលក្រោយទទួលបានការគាំទ្រពីប្រជាជន តាមរយៈការបោះឆ្នោត សំដៅបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន៕
ដោយ៖ គង់ សិរីរ័ត្ន





