សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាត្រូវការត្រឹមតែបើកច្រកព្រំដែនឡើងវិញ ឱ្យដំណើរការដូចសភាពការណ៍មុនថ្ងៃទី០៧ ខែមិថុនា ដែលថៃបិទជាឯកតោភាគី
AKP ព្រៃវែង ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥-សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ជុំវិញបញ្ហាព្រំដែន កម្ពុជា -ថៃ ថា ខាងកម្ពុជាត្រូវការត្រឹមតែបើកច្រកព្រំដែនឡើងវិញ ឱ្យដំណើរការដូចសភាពការណ៍មុនថ្ងៃទី០៧ ខែមិថុនា ដែលថៃបិទជាឯកតោភាគីតែប៉ុណ្ណោះ។ អត់ត្រូវការមកចរចា ឬមិនចចារអ្វីនោះទេ។

ក្នុងពីធីសំណេះសំណាលជាមួយសិស្ស និស្សិត លោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជាស៊ីម កំចាយមារ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅស្រុកកំចាយមារ ខេត្តព្រៃវែង សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ ប្រាប់ភាគីថៃថា កុំចាំបាច់មកសួរមកប្រាប់កម្ពុជា គួរប្រាប់ទៅប្រជាជនខ្លួនឯងទៅថា បងប្អូនជនរួមជាតិថៃទាំងឡាយ ចាប់ពីពេលនេះតទៅច្រកព្រំដែន ដែលត្រូវបានកែសម្រួលពីមុនពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល ត្រូវកែសម្រួលត្រឡប់ទៅវិញពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់ ហើយការកែសម្រួលនេះ មិនត្រូវបានកែសម្រួលសាជាថ្មីទេ ដើម្បីឱ្យប្រជាជនថៃទុកចិត្តខ្លួនឯងទៅ។ សម្ដេចតេជោលើកឡើងថា ពេលបិទព្រំដែនបិទខ្លួនឯង ពេលត្រូវបើកឡើងវិញមកបបួលកម្ពុជា គឺគ្មាននោះទេ វាអត់ត្រូវ។ ចំណែកខាងកម្ពុជាពុំចាំបាច់មានការកែសម្រួលអ្វីផង រង់ចាំតែខាងភាគីថៃទេតើ។ សម្ដេចតេជោគូសបញ្ជាក់ថា ខាងកម្ពុជាត្រូវការត្រឹមតែបើកច្រកព្រំដែនឡើងវិញ ដំណើរការដូចសភាពការណ៍មុនថ្ងៃទី០៧ ខែមិថុនា ដែលអ្នកឯងបិទជាឯកតោភាគីតែប៉ុណ្ណោះ។ សម្តេចតេជោអះអាងថា អត់ត្រូវការមកចរចា ឬមិនចចារអ្វីនោះទេ។ នេះជាស្ថានភាពចាញ់ ចាញ់ តែអ្នកដែលចាញ់ធ្ងន់ជាងគេមិនមែនខ្មែរទេ។ សម្ដេចតេជោលើកឡើងជាសំណួរថា តើអ្នកណាដែលកាន់អំណាចពិតប្រាកដបច្ចុប្បន្ននៅក្នុងប្រទេសថៃ នេះមិនមែនជាការជ្រៀតជ្រែកទេ តែយើងចង់ដឹងថា អ្នកណាដែលមានសិទ្ធិសម្រេច ។ សម្ដេចតេជោថ្លែងសង្គត់ធ្ងន់ថា កម្ពុជាត្រូវតែមានការប្រុងប្រយ័ត្ន អ្វីដែលជាផ្នែកយុទ្ធសាស្ត្រ កុំទិញពីថៃឱ្យសោះ ទី១ អគ្គិសនី ទី២ អ៊ីនធឺណិត ទី៣ ប្រេងឥន្ធនៈ និងឧស្ម័ន។ល។ ហើយបញ្ហាខ្សែភាពយន្តថៃ ក៏ត្រូវបញ្ឈប់ការបញ្ចាំងនៅតាមស្ថានីយ៍ទូរទស្សន៍នានា ហើយត្រូវខិតខំផលិតជាខ្សែភាពយន្តខ្លួនឯងតែម្ដងទៅ កុំឱ្យភាពច្រំដែលវាកើតឡើងបន្តទៀត។

សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា កម្ពុជានៅតែចង់បាននូវការធ្វើទំនាក់ទំនងល្អ និងមិត្តភាពជិតខាងល្អ ឱ្យតែបញ្ហាច្រកព្រំដែនត្រូវបានដោះស្រាយ វិលត្រឡប់ទៅរកសភាពការណ៍មុនថ្ងៃទី០៧ ខែមិថុនា កម្ពុជានឹងផ្ដើមការចរចាឡើងវិញ៕
ដោយ៖ ជឹម ណារី





