ផ្លូវជនបទសំខាន់ៗចំនួន៣ខ្សែ នៅខេត្តបន្ទាយមានជ័យ កំពុងស្ថាបនាក្រាលកៅស៊ូ DBST និងបេតុង
AKP បន្ទាយមានជ័យ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥--
លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមការងារជំនាញ កាលពីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារលើកកម្រិតផ្លូវជនបទក្រាលកៅស៊ូ DBST និងផ្លូវបេតុង ចំនួន៣ខ្សែ ប្រវែងសរុប២៨,៨២ គីឡូម៉ែត្រ។ គម្រោងនេះក៏រួមបញ្ចូលការសាងសង់លូគ្រប់ប្រភេទចំនួន៥៧ កន្លែង និងស្ពានបេតុង១កន្លែង ប្រវែង៣៦ ម៉ែត្រផងដែរ។ ការចុះត្រួតពិនិត្យនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ ដែលអនុវត្តនៅស្រុកព្រះនេត្រព្រះ និងស្រុកស្វាយចេក។

ផ្លូវសំខាន់ទាំង៣ខ្សែ ដែលកំពុងដំណើរការសាងសង់ រួមមាន៖ ខ្សែទី១ ផ្លូវជ្រាប់ចាស់-ជ្រាប់ថ្មី ប្រវែង ១២,៦៥ គីឡូម៉ែត្រ ស្ថិតក្នុងឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ។ ខ្សែទី២ ផ្លូវកក់-ភាសត្បូង ប្រវែង ១២,៤៦ គីឡូម៉ែត្រ ចាប់ពីឃុំជប់វ៉ារី កាត់តាមឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ទៅដល់ឃុំសារង្គ ស្រុកស្វាយចេក និងខ្សែទី៣ ផ្លូវតាដួល ប្រវែង ៣,៧១ គីឡូម៉ែត្រ ស្ថិតក្នុងឃុំផ្គាំ ស្រុកស្វាយចេក។
លោក ជា យុទ្ធារុណ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃគម្រោងនេះថា "ការស្ថាបនាផ្លូវទាំងនេះគឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសការដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារបានកាន់តែលឿន និងចំណាយតិច។ ផ្លូវដែលមានគុណភាពល្អនឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទ តាមរយៈការបង្កើនឱកាសសេដ្ឋកិច្ច និងកាត់បន្ថយពេលវេលាធ្វើដំណើរ"។ គម្រោង SAAMBAT នឹងបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីធានានូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចមូលដ្ឋាន។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានសម្តែងការរីករាយយ៉ាងខ្លាំងចំពោះការស្ថាបនាផ្លូវទាំងនេះ។ លោកតា សួស សារ៉ាត់ អាយុ ៧២ ឆ្នាំ រស់នៅឃុំជប់វ៉ារី បានឱ្យដឹងថា "កាលពីមុនផ្លូវលំបាកខ្លាំងណាស់ ជាពិសេសរដូវវស្សា ពិបាកធ្វើដំណើរ ហើយកូនចៅទៅរៀនក៏ពិបាកដែរ។ ឥឡូវផ្លូវធ្វើហើយ យើងសប្បាយចិត្តណាស់ ងាយស្រួលធ្វើដំណើរ និងដឹកទំនិញលក់ដូរ"។

ចំណែកឯអ្នកស្រី ម៉ម សុខា អ្នកលក់បន្លែនៅផ្សារព្រះនេត្រព្រះ ក៏បានលើកឡើងដែរថា "ផ្លូវល្អធ្វើឱ្យយើងចំណេញពេលវេលា និងប្រាក់កាសលើការដឹកជញ្ជូន។ កសិករអាចយកផលិតផលស្រស់ៗមកលក់បានលឿនជាងមុន ធ្វើឱ្យជីវភាពយើងប្រសើរឡើង"។
គម្រោងស្ថាបនាផ្លូវជនបទទាំងនេះ គឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងទីក្រុង និងជនបទ ព្រមទាំងជំរុញវិស័យកសិកម្មឱ្យកាន់តែរីកចម្រើន៕
ដោយ ឈុន សារ៉ាត





