សហព័ន្ធវាយសីអំពាវនាវដល់មហាជនចូលរួមគាំទ្រលើកទឹកចិត្ត ដល់ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅពហុកីឡដ្ឋានជាតិមរតកតេជោ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥--
សហព័ន្ធកីឡាវាយកម្ពុជាបានអំពាវដល់មហាជន យុវជនចូលរួមគាំទ្រឱ្យបានច្រើនកុះករដល់កីឡាករកីឡាការិនីវាយសីកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ ពីថ្ងៃទី០៧-១២ ខែកក្កដា ឆ្នាំ២០២៥ នៅទីលានវាយសីនៃពហុកីឡដ្ឋានជាតិមរតកតេជោ។

មន្ត្រីសហព័ន្ធកីឡាវាយសីកម្ពុជាបានឱ្យដឹងថា ការប្រកួតកីឡាវាយសី ជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ លើកទី២ ឆ្នាំ២០២៥នេះ គឺមាន៥ប្រទេសចូលរួម រួមមានម្ចាស់ផ្ទះកម្ពុជា ឡាវ ព្រុយណេ មីយ៉ាន់ម៉ា និងទីម័រខាងកើត។ នេះគឺជាលើកទី២ហើយ ដែលកម្ពុជាធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះ លើកទី១ កាលពីឆ្នាំ២០២៣ ក្រោយបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ការប្រកួតកីឡាវាយសីកម្រិតជើងឯកអាស៊ីអាគ្នេយ៍នេះ នឹងត្រូវប្រកួតលើ៣ប្រភេទអាយុ ដូចជា៖ ក្រោមអាយុ១៥ឆ្នាំ ក្រោម១៧ឆ្នាំ និងក្រោម២៣ឆ្នាំ។ សម្រាប់សមាសភាពកីឡាករ កីឡាការិនីវាយសីកម្ពុជា ផ្នែកក្រុម U23 មាន១២នាក់ ដែលនឹងចូលរួមប្រជែងជាមួយកីឡាករ កីឡាការិនីមកពីបណ្តាប្រទេសចំនួន៤ ក្នុងតំបន់ ខណៈផ្នែកក្រុមក្រោម១៧ឆ្នាំ មានកីឡាករ កីឡាការិនី៩នាក់ និងក្រោម១៥ឆ្នាំមានកីឡាករ កីឡាការិនីកម្ពុជា ៦នាក់។

ជាថ្មីម្តងទៀត មន្ត្រីសហព័ន្ធក៏បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ យុវជន ដែលស្រឡាញ់កីឡាកម្ពុជាសូមចូលរួមគាំទ្រលើកទឹកចិត្តដល់អត្តពលិកកម្ពុជាឱ្យបានច្រើនកុះករដោយសេរី នៅទីលានវាយសីនៃពហុកីឡដ្ឋានជាតិមរតកតេជោ។ សហព័ន្ធចាត់ទុកថា ការចូលរួមគាំទ្រដោយផ្ទាល់របស់ប្រិយមិត្តទស្សនិកជន គឺជាកម្លាំងចិត្តបន្ថែម ក្នុងការលើកទឹកចិត្តដល់កីឡាករ កីឡាការិនីកម្ពុជា ក្នុងការប្រជែងមេដាយជូនជាតិ៕ ដោយ ហេង ណាលីន





