លោក ម៉ាក្រុន និងលោក ពូទីន សន្ទនាតាមទូរស័ព្ទអំពីប្រទេសអ៊ីរ៉ង់ និងអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ -- ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុន (Emmanuel Macron) និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) បានពិភាក្សាគ្នាកាលពីថ្ងៃអង្គារអំពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ និងស្ថានភាពអ៊ុយក្រែននៅក្នុងការសន្ទនាតាមទូរស័ព្ទជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ២០២២។
យោងតាមវិមាន Elysee បានឱ្យដឹងថា អំពីប្រទេសអ៊ីរ៉ង់ លោក ម៉ាក្រុន បានសង្កត់ធ្ងន់ថា ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសបារាំង និងរុស្ស៊ីបានចែករំលែកការទទួលខុសត្រូវក្រោមសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ (NPT) ។
លោកបានគូសបញ្ជាក់អំពីតម្រូវការបន្ទាន់សម្រាប់ប្រទេសអ៊ីរ៉ង់ក្នុងការអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួន និងសហការយ៉ាងពេញលេញជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដើម្បីឱ្យអ្នកត្រួតពិនិត្យអាចបន្តការងាររបស់ពួកគេឡើងវិញដោយមិនបង្អង់យូរ។
វិមាន Elysee បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ លោក ម៉ាក្រុន បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ប្រទេសបារាំងចំពោះផ្លូវការទូតឆ្ពោះទៅរកដំណោះស្រាយយូរអង្វែង និងម៉ឺងម៉ាត់នៃសកម្មភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់ ក៏ដូចជាតួនាទីរបស់ខ្លួននៅក្នុងតំបន់។
នៅអ៊ុយក្រែន វិមាន Elysee បាននិយាយថា លោក ម៉ាក្រុន បានរំលឹកឡើងវិញនូវការគាំទ្រឥតងាករេរបស់ប្រទេសបារាំងចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន។ លោកបានជំរុញឱ្យមានការបង្កើតបទឈប់បាញ់យ៉ាងឆាប់រហ័ស និងការចាប់ផ្តើមការចរចារវាងអ៊ុយក្រែន និងរុស្ស៊ីក្នុងគោលបំណងសម្រេចបាននូវដំណោះស្រាយរឹងមាំ និងយូរអង្វែងចំពោះជម្លោះ។
យោងតាមវិមានក្រឹមឡាំងបានឱ្យដឹងថា ទាក់ទិននឹងស្ថានការណ៍ជុំវិញអ៊ុយក្រែន លោក ពូទីន បាននិយាយថា ជម្លោះអ៊ុយក្រែនគឺជា «ផលវិបាកផ្ទាល់នៃគោលនយោបាយលោកខាងលិច» ដោយលោកបានបន្ថែមថា គោលនយោបាយបែបនេះ ឥឡូវនេះកំពុង «អូសបន្លាយអរិភាព» ដោយផ្គត់ផ្គង់អ៊ុយក្រែននូវសព្វាវុធទំនើបៗផ្សេងៗ។
វិមានក្រឹមឡាំងបានបន្ថែមថា ស្តីពីការរំពឹងទុកសម្រាប់ដំណោះស្រាយដោយសន្តិវិធី លោក ពូទីន បានសង្កត់ធ្ងន់លើដំណោះស្រាយដ៏ទូលំទូលាយ និងយូរអង្វែងដែលដោះស្រាយបញ្ហាឫសគល់នៃវិបត្តិអ៊ុយក្រែន និង «ពិចារណាលើការពិតនៃដែនដីថ្មី»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





