កងទ័ពជើងទឹកស្រីលង្កាចាប់ខ្លួនអ្នកនេសាទឥណ្ឌាពីបទនេសាទខុសច្បាប់
AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃអង្គារថា កងទ័ពជើងទឹកស្រីលង្កាបានចាប់ខ្លួនអ្នកនេសាទឥណ្ឌា ៧នាក់ពីបទនេសាទខុសច្បាប់នៅក្នុងសមុទ្រនៃខេត្តតាឡៃម៉ាន់ណារ ភាគខាងជើងកាលពីយប់ថ្ងៃចន្ទ។
កងទ័ពជើងទឹកបាននិយាយថា នេះជាករណីទីពីរក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។ កាលពីថ្ងៃអាទិត្យ កងទ័ពជើងទឹកបានរឹបអូសទូកនេសាទឥណ្ឌាមួយ និងបានចាប់ខ្លួនអ្នកនេសាទឥណ្ឌា ៨នាក់ ខណៈពេលដែលពួកគេកំពុងនេសាទនៅក្នុងសមុទ្រនៃទីក្រុងម៉ាន់ណារផងដែរ។
កងទ័ពជើងទឹកបាននិយាយថា ទូកដែលរឹបអូសបាន និងអ្នកនេសាទត្រូវបានប្រគល់ឱ្យមន្ត្រីជលផល ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។
កងទ័ពជើងទឹកបានរំលឹកឡើងវិញថា ខ្លួនបន្តធ្វើការល្បាត និងប្រតិបត្តិការជាប្រចាំនៅក្នុងដែនទឹកស្រីលង្កា ដើម្បីការពារការនេសាទខុសច្បាប់ពីសំណាក់នាវាបរទេស ដោយលើកឡើងពីការព្រួយបារម្ភអំពីផលប៉ះពាល់ទៅលើជីវភាពរស់នៅរបស់អ្នកនេសាទក្នុងស្រុក៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





