លោក ចន លី ជំរុញឱ្យមានការការពារសន្តិសុខជាតិ និងបង្កើនកម្លាំងរបស់តំបន់រដ្ឋបាលពិសេសហុងកុង
AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ -- លោក ចន លី (John Lee) នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានអំពាវនាវកាលពីថ្ងៃច័ន្ទឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីការពារសន្តិសុខជាតិ និងបង្កើនកម្លាំងរបស់ហុងកុង។
លោក លី បានធ្វើការអំពាវនាវខាងលើនេះនៅក្នុងអត្ថបទមួយដែលបានចុះហត្ថលេខាដែលបានចេញផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនកាលពីថ្ងៃចន្ទ ដែលជាខួបលើកទី៥ នៃការប្រកាសឱ្យប្រើប្រាស់ និងការអនុវត្តច្បាប់សន្តិសុខជាតិនៅក្នុងទីក្រុងហុងកុង។
លោកបាននិយាយថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ចាប់តាំងពីការអនុវត្តច្បាប់នេះ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ អង្គហេតុជាច្រើនបានបង្ហាញថា សង្គមហុងកុងនៅតែមានស្ថិរភាព និងវិបុលភាព ហើយការរស់នៅធម្មតា និងឱកាសអភិវឌ្ឍន៍របស់ប្រជាជនត្រូវបានការពារយ៉ាងល្អ។
លោក លី បាននិយាយបន្ថែមថា ទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិបានផ្តល់ការវាយតម្លៃជាវិជ្ជមានដល់ទីក្រុងហុងកុង។
ទីក្រុងហុងកុងបន្តជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានសេដ្ឋកិច្ចសេរីបំផុតរបស់ពិភពលោក និងកាន់កាប់តំណែងលំដាប់ទីបីនៅទូទាំងពិភពលោកជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ និងការប្រកួតប្រជែងជារួម ហើយបានបញ្ចូលទៅក្នុងចំណាត់ថ្នាក់កំពូលទាំងដប់ក្នុងការប្រកួតប្រជែងទេពកោសល្យពិភពលោក។
លោកបាននិយាយថា ជាមួយនឹងសាកលវិទ្យាល័យចំនួន៥ ដែលជាប់ចំណាត់ថ្នាក់ក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង១០០ របស់ពិភពលោក ទីក្រុងហុងកុងឥឡូវនេះគឺជាទីក្រុងដែលមានចំនួនសាកលវិទ្យាល័យច្រើនជាងគេបំផុតក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង១០០ នៅទូទាំងពិភពលោក។
លោក លី បាននិយាយបន្ថែមថា ការរំពឹងទុករបស់ទីផ្សារក៏បានបង្ហាញផងដែរថា ទីក្រុងហុងកុងនឹងក្លាយទៅជាមជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសម្បត្តិដ៏ធំបំផុតរបស់ពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខជាមួយនឹងអនាគតដ៏ភ្លឺស្វាង និងប្រកបដោយជោគជ័យនាពេលអនាគត៕
ដោយ៖ យា ចិន្ដាខន្ដី





