លោកឧបនាយករដ្ឋមន្ត្រី ស៊ូរីយ៉ា ជុងរុងរៀងគីត ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសថៃ
AKP ភ្នំពេញ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ -- លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) បានប្រកាសកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ថា លោកស្រីបានទទួលយកសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញនៃប្រទេសថៃក្នុងការព្យួរការងាររបស់លោកស្រីក្នុងតួនាទីជានាយករដ្ឋមន្ត្រី ខណៈដែលតុលាការនឹងពិនិត្យមើលទៅលើញត្តិដែលទាមទារឱ្យដកលោកស្រីចេញពីតំណែង។
ជាមួយនឹងការព្យួរការងារជាធរមាននេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោក ស៊ូរីយ៉ា ជុងរុងរៀងគីត (Suriya Jungrungreangkit) អាយុ ៧០ឆ្នាំ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីស្តីទីរបស់ប្រទេសថៃ។ លោកគ្រោងនឹងដឹកនាំគណៈរដ្ឋមន្ត្រីដែលទើបនឹងផ្លាស់ប្តូរថ្មីធ្វើពិធីស្បថចូលកាន់តំណែង ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ស្អែកនេះ។
ថ្លែងទៅកាន់អ្នកសារព័ត៍មាន លោកស្រី ផែថុងថាន បាននិយាយថា លោកស្រីនឹងមិនប្រាកដថានឹងត្រូវលាលែងពីតំណែងជានាយករដ្ឋមន្ត្រីនោះទេ ខណៈដែលលោកស្រីមានពេលវេលា ១៥ថ្ងៃដើម្បីបង្ហាញករណី និងពន្យល់អំពីចេតនាពិតនៅពីក្រោយការហៅទូរស័ព្ទទៅកាន់ប្រធានព្រឹទ្ធសភាកម្ពុជា។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មានរ៉យទ័រស៍។
លោកស្រីបានបញ្ជាក់ថា ការអំពាវនាវរបស់លោកស្រី គឺមានគោលបំណងតែមួយគត់ក្នុងការការពារអធិបតេយ្យភាពរបស់ប្រទេសថៃ ធានាសុវត្ថិភាពទាហានថៃ និងការពារកុំឱ្យមានជម្លោះកាន់តែតានតឹង។
លោកស្រី ផែថុងថាន ក៏បានថ្លែងអំណរគុណចំពោះអ្នកគាំទ្ររបស់លោកស្រី និងសូមអភ័យទោសដល់សាធារណជនថៃចំពោះទុក្ខព្រួយ ឬការមិនពេញចិត្តចំពោះទង្វើរបស់លោកស្រីដែលអាចបង្កឡើងផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





