មេដឹកនាំកូរ៉េខាងជើងលោក គីម ជួបជាមួយរដ្ឋមន្ត្រីវប្បធម៌រុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃចន្ទថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) បានជួបជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌រុស្ស៊ី លោកស្រី អុលហ្គា លូប៊ីម៉ូវ៉ា (Olga Lyubimova) ក្នុងទីក្រុងព្យុងយ៉ាង ហើយបានពិភាក្សាអំពីវិធីដើម្បីធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ និងសិល្បៈ។
ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បាននិយាយថា កិច្ចប្រជុំនេះបានធ្វើឡើងកាលពីថ្ងៃអាទិត្យនៅទីស្នាក់ការកណ្តាលនៃគណៈកម្មាធិការកណ្តាលរបស់គណបក្សកាន់អំណាច ហើយក៏មានការចូលរួមពីឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសកូរ៉េខាងជើង លោក អាឡិចសាន់ដឺ ម៉ាត់សេហ្គោរ៉ា (Alexandr Matsegora) ផងដែរ។
ដោយដឹកនាំគណៈប្រតិភូក្រសួងវប្បធម៌ លោកស្រី លូប៊ីម៉ូវ៉ា បានមកដល់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃសៅរ៍ តាមការអញ្ជើញរបស់ក្រសួងវប្បធម៌កូរ៉េខាងជើងដើម្បីប្រារព្ធខួបលើកទីមួយនៃសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ប្រទេស។
ទីភ្នាក់ងារ KCNA បាននិយាយថា ក្នុងជំនួបនោះ លោក គីម បានកោតសរសើរចំពោះការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ និងស៊ីជម្រៅនៅទូទាំងវិស័យនានា ចាប់តាំងពីការចុះហត្ថលេខាលើសន្ធិសញ្ញាមក ដោយលោកបាននិយាយថា ភាគីទាំងពីររួមចំណែកជាក់ស្តែងចំពោះការអភិវឌ្ឍ និងសុខុមាលភាពទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ។
លោក គីម ក៏បានកត់សម្គាល់ផងដែរថា ការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងមូលដ្ឋានគ្រឹះនៃផ្នត់គំនិតសាធារណៈរបស់ប្រទេសទាំងពីរ និងការពង្រឹងយ៉ាងរឹងមាំនូវចំណងមិត្តភាព និងការយល់ដឹងពីគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។
ទីភ្នាក់ងារ KCNA បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងវប្បធម៌រុស្ស៊ីបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកស្រីបានកើតឡើងនៅពេលដែល «សាមគ្គីភាព និងភាពមិនអាចខ្វះបាន» នៃចំណងមិត្តភាព និងសាមគ្គីភាពកូរ៉េខាងជើង-រុស្ស៊ី កំពុងត្រូវបានបង្ហាញឱ្យឃើញកាន់តែច្បាស់ជាងពេលណាៗទាំងអស់ ហើយកិច្ចសហប្រតិបត្តិការវប្បធម៌ទ្វេភាគីបានឈានដល់កម្រិតកំពូលបំផុតដែលមិនធ្លាប់មាន។
ទីភ្នាក់ងារបានបន្ថែមថា ភាគីទាំងពីរក៏បានពិភាក្សាអំពីផែនការនាពេលអនាគតសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី និងការផ្លាស់ប្តូរក្នុងវិស័យវប្បធម៌ និងបានទស្សនាការសម្តែងដែលធ្វើឡើងដោយទស្សនាក្រុមសិល្បៈរុស្ស៊ី និងសិល្បករកូរ៉េខាងជើង៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





