យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៤៩នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សា
AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ -- យោងតាមទីភ្នាក់ងារការពារជនស៊ីវិលនៅតំបន់ឆ្នេរសមុទ្រ បានឱ្យដឹងថា យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ៤៩នាក់ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងការបាញ់កាំភ្លើងនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប។
លោក ម៉ាហ៍មូដ បាសាល់ (Mahmoud Basal) អ្នកនាំពាក្យការពារជនស៊ីវិលបានប្រាប់សារព័ត៌មាន Xinhua ថា កងកម្លាំងអ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមអាកាស និងកាំភ្លើងធំលើទីតាំងជាច្រើន ដោយវាយប្រហារទៅលើផ្ទះ តង់ សាលារៀន ជំរកជនភៀសខ្លួន និងការប្រមូលផ្តុំជាសាធារណៈ។
លោក បាសាល់ បាននិយាយថា មនុស្ស ៥នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសទៅលើហ្វូងមនុស្សនៅក្នុងជំរុំជនភៀសខ្លួន al-Shati ភាគខាងលិចនៃតំបន់ហ្គាហ្សាហើយមនុស្ស ៤នាក់ផ្សេងទៀតបានស្លាប់នៅក្នុងការវាយប្រហារស្រដៀងគ្នានេះនៅជំរុំជនភៀសខ្លួន Jabalia ភាគខាងជើងនៃតំបន់នោះ។
លោកបានបន្ថែមថា មនុស្ស ១៥នាក់ផ្សេងទៀតរួមទាំងស្ត្រីផងដែរត្រូវបានសម្លាប់នៅពេលដែលយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលបានវាយប្រហារទៅលើមនុស្សមួយក្រុមនៅជិតកន្លែងចែកចាយជំនួយនៅក្នុងសង្កាត់ហ្ស៊ីទូន ភាគខាងត្បូងនៃតំបន់ហ្គាហ្សា។
យោងតាមការការពារស៊ីវិលបានឱ្យដឹងថា នៅក្នុងទីក្រុងខាន់យូនីស ភាគខាងត្បូង ក្រុមជួយសង្គ្រោះបានដឹកសាកសពមនុស្ស ១០ នាក់ដែលត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែកតាមអាកាស និងកាំភ្លើងធំរបស់អ៊ីស្រាអែល។
អ៊ីស្រាអែលបានបន្តប្រតិបត្តិការយោធាសំខាន់ៗនៅតំបន់ហ្គាហ្សានៅថ្ងៃទី១៨ ខែមីនា។ អាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សាបាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៦.១៧៥នាក់ត្រូវបានសម្លាប់ និង ២១.៣៧៨នាក់ផ្សេងទៀតបានរងរបួសចាប់តាំងពីពេលនោះមក ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមក្នុងខែតុលា ឆ្នាំ២០២៣ ឡើងដល់ ៥៦.៥០០នាក់ និង ១៣៣.៤១៩នាក់ផ្សេងទៀតបានរងរបួស៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





