ស្លាប់ ១១នាក់ និងរបួស ៧នាក់ក្នុងហេតុការណ៍បាក់រលំអណ្ដូងរ៉ែមាសនៅប្រទេសស៊ូដង់
AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ -- ក្រុមហ៊ុន Mineral Resources ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋបាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស ១១នាក់បានស្លាប់ និង ៧នាក់រងរបួស បន្ទាប់ពីអណ្តូងរ៉ែមាសមួយបានបាក់រលំនៅភាគឦសានប្រទេសស៊ូដង់។
ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅឯអណ្តូងរ៉ែ Kersh Al-Feel ក្នុងតំបន់ Houeid រវាងទីក្រុងអាតបារ៉ា និងទីក្រុងហាយ៉ា ក្នុងរដ្ឋ Red Sea ។ ក្រុមហ៊ុនមិនបានបញ្ជាក់កាលបរិច្ឆេទនៃការដួលរលំនោះទេ។
ក្រុមហ៊ុនបាននិយាយថា អណ្តូងរ៉ែនេះត្រូវបានបញ្ជាឱ្យបិទពីមុនដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព។ ក្រុមហ៊ុនបានសន្យាថានឹងបន្តត្រួតពិនិត្យសកម្មភាពរុករករ៉ែ និងកែលម្អស្តង់ដារសុវត្ថិភាព ដោយជំរុញឱ្យអ្នករុករករ៉ែគោរពតាមច្បាប់សុវត្ថិភាព និងបរិស្ថាន។
ការជីកយករ៉ែបែបប្រពៃណីមានចំណែកយ៉ាងសំខាន់នៃផលិតកម្មមាសរបស់ប្រទេសស៊ូដង់ ប៉ុន្តែវិស័យនេះបានជួបគ្រោះថ្នាក់ជាញឹកញាប់ដោយសារតែស្តង់ដារសុវត្ថិភាពមិនល្អ និងហេដ្ឋារចនាសម្ព័ន្ធមានវ័យចំណាស់។
យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា កម្មកររ៉ែសិប្បករប្រហែល ១,៥លាននាក់ផលិតមាសជិត ៨០% នៃប្រទេសស៊ូដង់ដែលសរុបប្រហែល ៦៤តោនក្នុងឆ្នាំ២០២៤៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





