ទឹកជំនន់បានវាយប្រហារភាគខាងលិចប្រទេសវេណេស៊ុយអេឡា
AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ -- អាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យថា ភ្លៀងធ្លាក់ខ្លាំងបានបន្តវាយប្រហារភាគខាងលិចប្រទេសវេណេស៊ុយអេឡា ដោយទឹកទន្លេបានហូរហៀរនៅក្នុងរដ្ឋជាច្រើន និងផ្ទះរាប់រយខ្នងត្រូវបានបំផ្លាញ។
នៅភាគខាងលិចនៃរដ្ឋមេរីដា អភិបាលរដ្ឋ លោក អាណាល់ដូ សាន់ចេហ្ស (Arnaldo Sanchez) បាននិយាយថា ផ្ទះយ៉ាងហោចណាស់ ៣៧០ខ្នងត្រូវបានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ ជាមួយនឹងផ្ទះចំនួន ១០៣ខ្នងត្រូវបានបំផ្លាញ។
លោក សាន់ចេហ្ស បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការផ្គត់ផ្គង់យ៉ាងហោចណាស់ ២តោនត្រូវបានចែកចាយដល់សហគមន៍ដែលរងផលប៉ះពាល់នៅតំបន់ខ្ពង់រាប Andean ដោយលោកបានបន្ថែមថា កងកម្លាំងសន្តិសុខ និងសមាជិកការពារជនស៊ីវិលបានប្រញាប់ប្រញាល់ទៅផ្តល់ជំនួយ។
នៅភាគពាយព្យនៃរដ្ឋហ្ស៊ួលៀ អភិបាលរដ្ឋ លោក ល្វីស កាល់ដេរ៉ា (Luis Caldera) បានប្រាប់ទូរទស្សន៍រដ្ឋ Venezolana de Television ថា ក្រុមមន្ត្រីកំពុងជួយសហគមន៍ចំនួន ១៦កន្លែងដែលរងផលប៉ះពាល់ដោយទឹកជំនន់ពីទន្លេចាម៉ាដែលហូរហៀរ។ លោកបន្តថា ប្រជាពលរដ្ឋនៅតំបន់រងគ្រោះកំពុងទទួលបានអាហារ ទឹកស្អាត តង់ និងសម្ភារចាំបាច់ផ្សេងទៀត។
ទន្ទឹមនឹងនេះដែរនៅក្នុងរដ្ឋអាពូរ៉េ អភិបាលរដ្ឋ លោក ជេកសុន បារបូសា (Jackson Barbosa) បាននិយាយថា ការធ្វើដំណើរទៅកាន់សហគមន៍នៅក្នុងទីក្រុងអានដ្រេស អេឡូយ ប្លេនកូ (Andres Eloy Blanco) ត្រូវបានកាត់ផ្តាច់បន្ទាប់ពីទឹកទន្លេទាំងពីរបានហក់ឡើងផុតច្រាំង៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





