អ៊ីរ៉ង់ថ្កោលទោស IAEA ពីភាពស្ងៀមស្ងាត់ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល និងអាម៉េរិក ដោយទាមទារឱ្យមានការទទួលខុសត្រូវចំពោះអ្នកឈ្លានពាន
AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ -- អ៊ីរ៉ង់បានរិះគន់ក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ ជុំវិញភាពស្ងៀមស្ងាត់ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះទៅលើប្រទេសអ៊ីរ៉ង់ ដោយអំពាវនាវឱ្យមានការទទួលខុសត្រូវចំពោះអ្នកឈ្លានពាន។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អេស្ម៊ែល បាគែ (Esmail Baghaei) បានប្រាប់សារព័ត៌មានតេអេរ៉ង់ថា «គេមិនអាចរំពឹងថាប្រទេសណាមួយនឹងក្លាយជាសមាជិកនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) និងបំពេញកាតព្វកិច្ចរបស់ខ្លួនឡើយ ខណៈដែលទីភ្នាក់ងារ IAEA និងអគ្គនាយករបស់ខ្លួន (លោក រ៉ាហ្វាអ៊ែល ហ្រ្គោសស៊ី) ដែលជាអាជ្ញាធរមានសមត្ថកិច្ច នៅតែស្ងៀមស្ងាត់ ឬបង្ហាញអំពីភាពត្រឹមត្រូវនៃការវាយប្រហារខុសច្បាប់ប្រឆាំងនឹងទីតាំងនុយក្លេអ៊ែរដោយសន្តិវិធីរបស់អ៊ីរ៉ង់»។
លោកបាននិយាយបន្ថែមថា «ស្ថានភាពនេះតម្រូវឱ្យទីភ្នាក់ងារ និងប្រធានរបស់ខ្លួនធ្វើការពិនិត្យមើលឡើងវិញឱ្យបានយ៉ាងម៉ត់ចត់ និងជាមូលដ្ឋាននៃវិធីសាស្រ្តរបស់ពួកគេទាក់ទងនឹងកិច្ចសហប្រតិបត្តិការជាមួយអ៊ីរ៉ង់»។
លោក បាគែ បាននិយាយថា ដំណោះស្រាយរបស់ទីភ្នាក់ងារ IAEA ថ្មីៗនេះ បានប្រកាសថា អ៊ីរ៉ង់បំពានទៅលើកាតព្វកិច្ចនុយក្លេអ៊ែររបស់ខ្លួន និងបានផ្តល់លេសសម្រាប់ការឈ្លានពានយោធាដោយរបបអ៊ីស្រាអែល និងសហរដ្ឋអាមេរិកប្រឆាំងនឹងទីតាំងនុយក្លេអ៊ែរសន្តិភាពរបស់អ៊ីរ៉ង់។
លោកបានបន្តថា «យើងបានលើកយកបញ្ហានេះទៅកាន់ស្ថាប័នពាក់ព័ន្ធនានា ហើយនឹងបន្តតាមដានទៀត»។
លោកបាននិយាយថា «ការទាមទារជាចម្បងរបស់យើងពីស្ថាប័នអន្តរជាតិ ជាពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺថាអ្នកឈ្លានពានត្រូវតែកំណត់អត្តសញ្ញាណជាផ្លូវការ។ ក្រុមប្រឹក្សាសន្តិសុខត្រូវតែបញ្ជាក់អំពីរឿងនេះ និងចាត់វិធានការចាំបាច់ដើម្បីឱ្យអ៊ីស្រាអែល និងសហរដ្ឋអាមេរិកទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





