វេទិកា SCO ឆ្នាំ២០២៥ ស្តីពីឧស្សាហកម្មសេដ្ឋកិច្ចឌីជីថល នឹងប្រារព្ធឡើងនៅទីក្រុងធានជីនរបស់ប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ -- ក្រុមមន្ត្រីបានប្រកាសកាលពីថ្ងៃចន្ទថា វេទិកាអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឆ្នាំ២០២៥ ស្តីពីឧស្សាហកម្មសេដ្ឋកិច្ចឌីជីថល នឹងប្រព្រឹត្តទៅនៅទីក្រុងធានជីនរបស់ប្រទេសចិន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។
លោក យូ យីង (Yu Ying) អនុប្រធានរដ្ឋបាលទិន្នន័យជាតិបាននិយាយថា «ដោយប្រកាន់ខ្ជាប់នូវស្មារតីសៀងហៃ យើងនឹងពង្រឹងការផ្លាស់ប្តូរ បង្កើនការរៀនសូត្រទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយបណ្តាប្រទេសនៃអង្គការ SCO ដើម្បីពង្រីកកន្លែងថ្មីសម្រាប់ការអភិវឌ្ឍនៃអង្គការនេះ»។
លោក ហ្សៃ លីស៊ីន (Zhai Lixin) អភិបាលរងទីក្រុងធានជីន បាននិយាយថា វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ទីក្រុងធានជីនក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ចឌីជីថល និងជំរុញការផ្លាស់ប្តូរជាមួយបណ្តាប្រទេសផ្សេងទៀតនៃអង្គការ SCO។
អ្នកចូលរួមវេទិកានោះនឹងពិភាក្សាគ្នាអំពីប្រធានបទសំខាន់ៗ ដូចជាការផ្លាស់ប្តូរឌីជីថលឧស្សាហកម្ម និងកម្មវិធីបច្ចេកវិទ្យាឌីជីថលជាដើម៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





