សហភាពអឺរ៉ុបពង្រីកទណ្ឌកម្មតាមវិស័យទៅលើរុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ -- ក្រុមប្រឹក្សាអឺរ៉ុបបានប្រកាសកាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុបនឹងបន្តដាក់ទណ្ឌកម្មតាមវិស័យរបស់ខ្លួនទៅលើប្រទេសរុស្ស៊ីសម្រាប់រយៈពេល ៦ខែទៀត។
សេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយដែលចេញដោយក្រុមប្រឹក្សានេះបាននិយាយថា «នៅថ្ងៃនេះ ក្រុមប្រឹក្សាបានបន្តវិធានការរឹតត្បិតរបស់សហភាពអឺរ៉ុបទៅលើរុស្ស៊ីសម្រាប់រយៈពេល ៦ខែបន្ថែមទៀតរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដោយមើលឃើញពីសកម្មភាពរបស់សហព័ន្ធរុស្ស៊ីដែលបន្តធ្វើឱ្យស្ថានការណ៍នៅអ៊ុយក្រែនមានអស្ថិរភាព»។
ដោយត្រូវបានណែនាំជាលើកដំបូងនៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីការបញ្ចូលដោយខុសច្បាប់របស់រុស្ស៊ីទៅលើតំបន់គ្រីមៀរបស់អ៊ុយក្រែន និងបានពង្រីកនៅក្នុងឆ្នាំ២០២២ ជាមួយនឹងការចាប់ផ្តើមនៃសង្រ្គាមអ៊ុយក្រែននាពេលបច្ចុប្បន្ន វិធានការតាមវិស័យនោះ រួមមានការរឹតបន្តឹងទៅលើវិស័យពាណិជ្ជកម្ម ហិរញ្ញវត្ថុ ថាមពល បច្ចេកវិទ្យា ការដឹកជញ្ជូន និងទំនិញប្រណីត។
យោងតាមសេចក្តីថ្លែងការណ៍នោះបានឱ្យដឹងថា បម្រាមទៅលើការនាំចូលប្រេងពីសមុទ្ររបស់រុស្ស៊ី ការមិនរាប់បញ្ចូលនូវធនាគារធំៗពីប្រព័ន្ធធនាគារអន្តរជាតិ SWIFT និងការផ្អាកប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រដោយវិមានក្រឹមឡាំងនៅក្នុងសហភាពអឺរ៉ុប ក៏ត្រូវបានគ្របដណ្តប់ក្រោមវិធានការនេះផងដែរ។
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី កាចា កាល់ឡាស់ (Kaja Kallas) ក៏បានសរសេរនៅលើបណ្តាញសង្គមអ៊ិច (X) ដែរថា «សហភាពអឺរ៉ុបនៅថ្ងៃនេះបានយល់ព្រមជាផ្លូវការក្នុងការបន្តការដាក់ទណ្ឌកម្មតាមវិស័យទៅលើប្រទេសរុស្ស៊ី»។
លោកស្រីបានបង្ហាញការប្ដេជ្ញាចិត្តក្នុងការដាក់សម្ពាធទៅលើទីក្រុងម៉ូស្គូ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
លោកស្រី កាល់ឡាស់ បាននិយាយបន្ថែមថា «ទណ្ឌកម្មនីមួយៗធ្វើឱ្យសមត្ថភាពរបស់រុស្ស៊ីចុះខ្សោយក្នុងការធ្វើសង្រ្គាម»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





