លោក ឡាវរ៉ូវ ទៅដល់ប្រទេសកៀហ្ស៊ីស៊ីស្ថានសម្រាប់ដំណើរទស្សនកិច្ចផ្លូវការ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ -- យោងតាមអ្នកយកព័ត៌មានតាសស៍ (TASS) បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ (Sergey Lavrov) បានទៅដល់ប្រទេសកៀហ្ស៊ីស៊ីស្ថាន សម្រាប់ដំណើរទស្សនកិច្ចផ្លូវការមួយ ខណៈដែលយន្តហោះរបស់លោកបានចុះចតនៅអាកាសយានដ្ឋាននៃទីក្រុង Cholpon-Ata។
លោក ឡាវរ៉ូវ គ្រោងនឹងជួបជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថានលោក សាឌៀរ ចាប៉ារ៉ូវ (Sadyr Japarov) និងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសកៀហ្ស៊ីស៊ីស្ថាន លោក ជីនបេក គូលូបាយ៉េវ (Jeenbek Kulubayev)។ រដ្ឋមន្ត្រីរុស្ស៊ីក៏គ្រោងនឹងចូលរួមនៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាពផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បាននិយាយនៅពេលមុននេះថា កិច្ចប្រជុំជាមួយមន្ត្រីកៀហ្ស៊ីស៊ីស្ថានទាំងនោះនឹងផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច យោធា-បច្ចេកទេស វប្បធម៌មនុស្សធម៌ និងវិស័យផ្សេងទៀតក្នុងបរិបទនៃការពង្រីកទំនាក់ទំនងពហុភាគីរុស្ស៊ី-កៀហ្ស៊ីស៊ីស្ថាន ហើយវាក៏នឹងមានការផ្លាស់ប្តូទស្សនៈគ្នាទៅលើបញ្ហាបន្ទាន់បំផុតនៃរបៀបវារៈក្នុងតំបន់ និងសកលលោក និងអំពីវិធីអភិវឌ្ឍន៍សមាហរណកម្មអឺរ៉ាស៊ីផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





